ព័ត៌មានជាតិ

វាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អាមេរិក សម្លាប់មេដឹកនាំ IS នៅអាហ្វហ្គានីស្ថាន

អាមេរិកៈ ស្នាក់ការកណ្ដាលក្រសួងការពារសហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ បាននិយាយថា ប្រមុខរដ្ឋអ៊ីស្លាម នៅអាហ្វហ្គានីស្ថាន ត្រូវបានសម្លាប់ក្នុងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក របស់អាមេរិក កាលពីខែមុន។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦។

លោក Hafiz Saeed Khan ត្រូវបានគេសម្លាប់ កាលពីថ្ងៃទី ២៦ ខែកក្កដា នៅស្រុក Achin ក្នុងខេត្ត Nangarhar ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន នេះបើតាមសេចក្ដីថ្លែងពីស្នាក់ការកណ្ដាល ក្រសួងការពារសហរដ្ឋអាមេរិក។

លោក Khan ត្រូវបានគេស្គាល់ថា ជាអតីតមេដឹកនាំជាន់ខ្ពស់នៃពួកតាលីប៉ាគីស្ថាន ដែលត្រូវបានតែងតាំង ជាប្រធានសាខា នៅអាហ្វហ្គានីស្ថាន ក្នុងខែមករាឆ្នាំ២០១៥ បន្ទាប់ពីការស្បថភក្ដីភាព ទៅនឹងមេដឹកនាំ សកម្មប្រយុទ្ធ IS លោក Abu Bakr Al-Baghdadi។

មន្ទីរបញ្ចកោណ បាននិយាយថា លោក Khan បានជួយបង្កើតជុំរំហ្វឹកហាត់ ពួកសកម្មប្រយុទ្ធ នៅភាគខាងលិចអាហ្វហ្គានីស្ថាន ហើយថែមទាំងវាយប្រហារធ្វើអត្តឃាត សម្លាប់មនុស្ស ៣០ នាក់ កាលពីខែមេសាឆ្នាំ ២០១៥ ទៀតផង។

ទោះយ៉ាងណា វាមិនមែនជាលើកដំបូងទេ ដែលគេរាយការណ៍ថា លោក Khan បានស្លាប់ ហើយបើតាម ភ្នាក់ងារស៊ើបការណ៍អាហ្វហ្គានីស្ថាន ក៏បានអះអាងដែរថា គាត់ត្រូវបានសម្លាប់ ក្នុងខែមករាឆ្នាំមុនផងដែរ៕

mullah-drone-strike

មតិយោបល់