ស្វាយរៀងៈ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀង ដោយមានការសហការពី មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ បានបន្តចុះត្រួតពិនិត្យផលិតផលទំនិញម្ហូបអាហារ នៅផ្សារវាលយន្ត ខេត្តស្វាយរៀង ដោយមន្ត្រីជំនាញបានដកហូត យកគំរូមួយចំនួនមកធ្វើតេស្តបឋមមានដូចជា៖ បន្លែ ស្ករត្នោត ម្ទេសឆា សាច់ក្រក ងៀតបបែល ត្រីងៀត ប្រហុក និងស្ពៃជ្រក់ ដើម្បីរកសារធាតុគីមីហាមឃាត់ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញ បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។
ជាលទ្ធផលនៃការត្រួតពិនិត្យ មន្ត្រីជំនាញបានរកឃើញទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់មួយចំនួនដូចជា៖
– ងៀតបបែល ចំនួន ៥.៥០ គីឡូក្រាម មានផ្ទុកសារធាតុគីមីហាមឃាត់ Borax
– ស្ពៃជ្រក់ ចំនួន ៦ គីឡូក្រាម មានផ្ទុកសារធាតុគីមីហាមឃាត់ Salicylie Acid បន្ទាប់មកមន្ត្រីជំនាញ បានធ្វើកំណត់ហេតុដកហូតផលិតផលទាំងនោះ ដើម្បីយកមកកម្ទេចចោលភ្លាមៗផងដែរ។
ឆ្លៀតក្នុងឱកាសនោះ មន្រ្តីសាខាកាំកុងត្រូល បានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕
មតិយោបល់