ព័ត៌មានជាតិ

រថយន្ត​សាលា Bridgeton English School ស្លាកលេខ ភ្នំពេញ2K-9058 បុកកង់បត់ឆ្លងផ្លូវ បណ្ដាលឲ្យស្លាប់លោកតាវ័យ ៨១ឆ្នាំម្នាក់

កណ្ដាល: សមត្ថកិច្ច បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តនិងកង់ បណ្តាលឲ្យស្លាប់បុរសម្នាក់ នៅវេលាម៉ោង០៦ និង៣០នាទីព្រឹកថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០១៩
ត្រង់ចំណុចផ្លូវលេខ២១​ ស្ថិតនៅភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង​ ខេត្តកណ្តាល។

រថយន្ត​សាលា Bridgeton English School ម៉ាកសាំយ៉ុង ពណ៌ស-បៃតង​ ពាក់ស្លាកលេខ ភ្នំពេញ2K-9058 អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) ធ្វើដំណើរពីត្បូងទៅជើង(ជ្រៃធំ-តាខ្មៅ)។

លុះមកដល់ចំណុចកើតហេតុ បានបុកកង់បត់ឆ្វេងឆ្លងផ្លូវពីកើតទៅលិច ជិះដោយបុរសវ័យចំណាស់ម្នាក់ឈ្មោះវណ្ណ ជ័យ ភេទប្រុស អាយុ៨១ឆ្នាំមុខរបរ:ជាអាចារ្យការ មានទីលំនៅភូមិទេពអរជូន ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល បណ្ដាលឲ្យដួលបោកក្បាលនិងថ្នល់ស្លាប់នៅកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះមកដល់កន្លែងកើតហេតុ ធ្វើការពិនិត្យនិងវាស់វែង រួច យកវត្ថុតាងទាំងពីរមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីនៃច្បាប់។

មូលហេតុ៖ ដោយអ្នកបើកបររថយន្ត និងអ្នកជិះកង់ បើកបរធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្នដូចគ្នា។ ចំណែកសពជនរងគ្រោះ បានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់