ភ្នំពេញៈ រថបុកបន្តកន្ទុយគ្នា៤គ្រឿងរងការខូចខាត ខណៈរថយន្តជាច្រើនគ្រឿងបន្ថយល្បឿន ដើម្បីឲ្យរថយន្តនៅខាងមុខ បត់ឆ្លងផ្លូវត្រូវរថយន្តក្រុងរបស់រដ្ឋ បុកពីក្រោយរុញ៣គ្រឿងបុកគ្នាបន្តបន្ទាប់ កាលពីវេលាម៉ោង ២និង៣០នាទីរសៀលថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០១៩ ចំណុចខាងត្បូងរបងស្ថានីយ៍ទូរទស្សន៍ CTN ចម្ងាយប្រមាណ៤០ម៉ែត្រ លើកំណាត់ផ្លូវជាតិលេខ៥ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានៅភ្នំពេញ។
រថយន្តដែលបើកមុខគេ ម៉ាកនីសាន់ មិនស្គាល់ស្លាកលេខ។ រថយន្តទី២ ម៉ាកកាមរី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2A 6958 ខូចខាតមុខក្រោយ។ រថយន្តទី៣ ម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AQ-4163 ខូចខាតមុខក្រោយ។ រថយន្តទី៤ ជារថយន្តដឹកអ្នកដំណើរ ពណ៌ស្ករ ពាក់ស្លាកលេខរដ្ឋ37 3-0075 ខូចខាតកំណាត់មុខផ្នែកខាងឆ្វេង។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តទាំងបួនគ្រឿង បើកស្របទិសគ្នាពីត្បូងទៅជើង តាមបណ្តោយផ្លូវជាតិលេខ៥ មកដល់ចំណុចកើតហេតុ ខណៈដែលរថយន្ត៣គ្រឿងខាងលើនៅមុខ និងរថយន្តជាច្រើនទៀតបន្ថយល្បឿន ដើម្បីឲ្យរថយន្តមួយគ្រឿងបត់ឆ្វេងឆ្លងផ្លូវ ស្រាប់តែរថយន្តក្រុងបើកពីក្រោយ ជ្រុលបុករថយន្តសាំយ៉ុងពីក្រោយ បណ្តាលឲ្យរុលទៅបុកកាមរី ហើយរថយន្តកាមរីក៏បន្តទៅបុកនីសាន់ តែដោយសារថយន្តនីសាន់ នៅខាងមុខគេខូចខាតតិចតួច ក៏បន្តដំណើរទៅមុខបាត់។
ប្រភពដដែលបន្តថា រថយន្តទាំងបួនគ្រឿងសុទ្ធតែខូចខាតដូចគ្នា តែនៅកន្លែងកើតហេតុតែបីគ្រឿងទេ។ ដោយភាគីទាំងបី មិនអាចសម្រួលគ្នា នៅកន្លែងកើតហេតុ ទើបសមត្ថកិច្ចបានទាក់ទងសមត្ថកិច្ចជំនាញ មកយករថយន្តទាំង៣គ្រឿង ទៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ ដោះស្រាយពេលក្រោយ៕










មតិយោបល់