ព័ត៌មានជាតិ

ជនជាតិ ៣នាក់ព្យាយាមបើករថយន្តគេច ពេលសមត្ថកិច្ចឃាត់ឲ្យឈប់ លុះចាប់ជាប់ឆែកមើលសុទ្ធតែកាំភ្លើង ដំបងឆក់ និងខ្នោះដៃ

ព្រះសីហនុៈ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៥និង០០នាទីទៀបភ្លឺ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានល្បាតនៅចំណុចអូរ៥ ស្ថិតភូមិ៥ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ស្រាប់តែឃើញរថយន្ត ០១គ្រឿង ម៉ាក HighLander ពណ៌សំបកឪឡឹក មានពាក់ស្លាកលេខខាងមុខ ព្រៃវែង 2A-0718 ចំណែកខាងក្រោយគ្មាន បើកបរដោយជនជាតិចិន ដោយមានការសង្ស័យ កម្លាំងសមត្ថកិច្ចបានហៅឃាត់ដើម្បីត្រួតពិនិត្យ ស្រាប់តែរថយន្តនោះមិនព្រមឈប់ហើយបើកគេចយ៉ាងលឿន ឃើញដូចនេះ កម្លាំងសមត្ថកិច្ចបានធ្វើការប្រដេញ រហូតដល់ចំណុចផ្លូវអូរ៣ ស្ថិតភូមិ៥ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ សមត្ថកិច្ចបានដេញស្ទាក់ឃាត់បាន ឃើញមានជនជាតិចិនចំនួន ០៣នាក់ បានបើកទ្វាររថយន្តក្នុងគោលបំណងរត់គេចខ្លួន ភ្លាមនោះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបាន ០២នាក់ ចំណែកម្នាក់ទៀតបានរត់គេចខ្លួនបាត់ ។ បន្ទាប់មកបានត្រួតពិនិត្យក្នុងរថយន្តឃើញមាន៖
-ស្លាកលេខចំនួន ២សន្លឹក (ភ្នំពេញ 2A-6150)
-ដំបងឆក់ ១ដើម
-ទូរស័ព្ទដៃ ចំនួន ៤គ្រឿង
-ខ្នោះដៃចំនួន ៤គូរ
-កូនសោរខ្នោះ ចំនួន ៤ និង កាំភ្លើង ១ដើម ម៉ាក K-54 ពណ៌ខ្មៅ និងសម្ភារៈផ្សេងៗមួយចំនួនទៀត ហើយបាននាំជនសង្ស័យទាំង ០២នាក់ យកមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី ។

ជនសង្ស័យទាំង ២នាក់ មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ CHEN PAN YU ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិ៥ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ។
២-ឈ្មោះ ZHANG CHONG HUI ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិ៥ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ។

ករណីនេះ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងក៏សាងសំណុំរឿង បញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមផ្លូវច្បាប់ រីឯជនសង្ស័យដែលរត់គេចខ្លួន កម្លាំងជំនាញកំពុងធ្វើការស្វែងរកចាប់ខ្លួន ។ ក្នុងឱកាសនេះដែរ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។

សូមឲ្យបងប្អូនប្រជាពលរដ្ឋ ជួយផ្តល់ដំណឹងមកប្រព័ន្ធទាន់ហេតុការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលមានលេខ៖ 097 778 0008 , 031 374 9848 , 011 506 677 នៅពេលដែលប្រទះឃើញរថយន្តទាំងឡាញណាដែលមិនប្រក្រតីដូចជា៖
រថយន្តគ្មានផ្លាកលេខ
មានស្នាមដោះស្លាកលេខ
ផ្លាកលេខមានតែខាងមុខ អត់មានខាងក្រោយ
ផ្លាកលេខមានតែខាងក្រោយ អត់មានខាងមុខ
ផ្លាកលេខខាងមុខ និងខាងក្រោយខុសគ្នា
រថយន្តដែលយកថង់ ស្កុត ក្រណាត់ បិទបាំងផ្លាកលេខ ឬផ្លាកលេខបិទស្កុត ជាដើម ៕

មតិយោបល់