ព័ត៌មានជាតិ

ឆក់ទូរស័ព្ទ OPPO ពីម្ចាស់Passapp គេចខ្លួនបានជាង៣ម៉ោង ជាប់ខ្នោះទាំង៣នាក់

ភ្នំពេញៈ ជនសង្ស័យចំនួន៣នាក់ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវ កំណត់មុខសញ្ញា រួចក៏ឃាត់ខ្លួនបាន បន្ទាប់ពីពួកគេធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីម្ចាស់ Passapp ប្រមាណជាង៣ម៉ោង ដោយពួកគេបន្លំធ្វើជាអតិថិជនហៅ Passapp ឲ្យឈប់ហើយឆក់ទូរសព្ទ រត់គេចខ្លួនបាត់។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣ និង២៥នាទីទៀបភ្លឺថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ត្រង់ចំណុចមុខផ្សារច្រាំងចំរេះ ស្ថិតក្នុងក្រុមទី១ ភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ។

ជនរងគ្រោះឈ្មោះ ស្មាស់ ប៉ូ ពីន ភេទប្រុសអាយុ ៥៦ឆ្នាំ ជនជាតិខ្មែរអ៊ីស្លាម មានទីលំនៅផ្ទះលេខ៧៨៦ ផ្លូវជាតលេខ០៥ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ​មុខរបររត់ម៉ូតូកង់បី (PASSAPP) ។

ជនសង្ស័យទី១ ឈ្មោះ ប៉ែន សា រ៉ែត ភេទប្រុសអាយុ២០ឆ្នំា ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខគ្មានក្រុម៨ ភូមិក សង្កាត់ច្រាំងចំរេះទី២ មុខរបរមិនពិតប្រាកដ ទី២ឈ្មោះ ម៉ីន ហូ សាន់​ ភេទ ប្រុស​អាយុ២៨ឆ្នាំ ជនជាតិខ្មែរអ៊ីស្លាម មានទីលំនៅផ្ទះលេខគ្មានភូមិបឹងឈូក សង្កាត់គីទ្បូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ មុខរបរមិនពិតប្រាកដ ជនសង្ស័យទី៣ឈ្មោះ ឯល រ៉ា វី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរអ៊ីស្លាម មានទីលំនៅផ្ទះលេខគ្មាន ក្រុម២ ភូមិឃ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ មុខរបរ មិនពិតប្រាក អ្នកទាំង៣មានសារធាតុញៀន។

សម្ភារៈបាត់បង់ទូរស័ព្ទ១គ្រឿងម៉ាក OPPO ពណ៌ខ្មៅ ស៊ីម២។

សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង៣ និង២៥នាទីទៀបភ្លឺឈានចូលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ជនរងគ្រោះ បានបើកបរម៉ូតូ PASSAPP ពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ ជនសង្ស័យក៏ហៅ PASSAPP ឈប់ហើយក៏ធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃ ដែលដាក់នៅលើPASSAPP រួចរត់គេចខ្លួនបាត់។ ភ្លាមៗនោះជនរងគ្រោះ ក៏បានមកដាក់ពាក្យបណ្តឹងសមត្ថកិច្ច នៅប៉ុស្តិ៍។

ក្រោយទទួលបានពាក្យបណ្តឹងភ្លាម កម្លាំងខណ្ឌ និងប៉ុស្តិ៍បានកំណត់អត្តសញ្ញាណជនសង្ស័យ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យបាននៅថ្ងៃដដែល ត្រង់ចំណុចផ្លូវបេតុងក្រុមទី៤ ភូមិក សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ វេលាម៉ោង៦និង៤៥នាទី។

នៅជំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពឆក់យកទូរស័ព្ទរដៃ របស់ជនរងគ្រោះប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅតាមនិតិវិធី៕

មតិយោបល់