ភ្នំពេញៈ តាមសេចក្ដីរាយការណ៍មកថា នៅវេលាម៉ោង ៣ និង១១នាទីរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ មានការសង់រោងការបិទផ្លូវទៀតហើយ តាមបណ្ដោយផ្លូវលេខ៣៦៦ កែងនឹងផ្លូវលេខ១៩៣ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋខ្សឹបប្រាប់ Post News ថា រោងការនឹងសង់រយៈពេល៣ទៅ៤ថ្ងៃហើយ ដោយពួកគាត់សង្ស័យថា មិនដឹងជាការកូនលោកធំណាទេ បានបង្កឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង បើសិនជាការកូនអ្នកតូច មិនអាចសង់រោងបិទផ្លូវអីចឹងបានទេ។
ខណៈអាជ្ញាធរវិញ ជាពិសេសលោកអភិបាលខណ្ឌ និងអធិការខណ្ឌ ប្រហែលជាពួកគាត់ជាប់រវល់ការងារច្រើន ភ្លេចចុះអនុវត្តតាមសេចក្ដីជូនដំណឹង របស់សាលារាជធានីភ្នំពេញហើយមើលទៅ ទើបបណ្ដោយឲ្យមានការសង់រោងការបិទផ្លូវបែបនេះ។ ម៉្យាងវិញទៀត នៅតាមបណ្ដោយផ្លូវមួយចំនួន មានអ្នកលក់ដូរលើចិញ្ចើមផ្លូវ ចតទ្បាន ម៉ូតូហាក់បីដូចជាគ្មានសណ្ដាប់ធ្នាប់ទាល់តែសោះ៕


មតិយោបល់