ព័ត៌មានជាតិ

រថយន្តព្រូស ពន្លះឃឿនក្រោមស្ពាន៥មករា រងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ បុរសម្នាក់ទំនងជាស្រវឹងស្រា បើករថយន្តមួយគ្រឿង បត់ស្តាំដៃឆ្លងផ្លូវក្នុងល្បឿនលឿនពេក ក៏បួងចង្កូតមិនទាន់ ជ្រុលទៅបុកខឿនផ្លូវក្រោមស្ពានអាកាស៥មករា បណ្តាលឲ្យខឿនផ្លូវបែក និងរបើកឥដ្ឋការូមួយចំនួន សំណាងល្អមិនមានអ្នករបួស។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១ និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅចំណុចស្ពានអាកាស៥មករា តាមបណ្តោយផ្លូវសហព័ន្ធរុស្សី កែងនិងផ្លូវ២៨៩ ក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីរកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុមុនកើតហេតុ គេឃើញបុរសម្នាក់ បានបើករថយន្តព្រូស ពណ៌សមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ2Y-0507 ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ផ្លូវក្រោមស្ពានទិសដៅពីកើតទៅលិច មកដល់ចំណុចកើតហេតុខាងលើ បានបត់ស្តាំដៃមកផ្លូវ២៨៩ ក្នុងល្បឿនលឿនបួងចង្កូតមិនទាន់ ជ្រុលខឿនផ្លូវពេញទំហឹង បណ្តាលឲ្យបែកខឿនផ្លូវ និងរបើកការូមួយចំនួន ចំណែករថយន្តបង្កខូចខាតខាងមុខផ្នែកខាងឆ្វេងយ៉ាងដំណំ ទៅមុខលេងរួច ខណៈម្ចាស់រថយន្តបានគេចខ្លួន ចេញពីកន្លែងកើតហេតុបាត់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង យករថយន្តទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រងចាំម្ចាស់ចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕

មតិយោបល់