ពោធិ៍សាត់ៈ លោក ធាង ឡេង អធិការនគរបាលស្រុកវាលវែង បានប្រាប់ Post News ថា កាលពីវេលាម៉ោង ៣ និង៣០នាទីរសៀល ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ នៅលើផ្លូវជាតិលេខ៥៥ ចំណុចបង្គោលគីឡូលេខ១៥១ ស្ថិតភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ជនរងគ្រោះឈ្មោះ គឹម អៀង ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិព្រៃតូច ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង ជាតៃកុងឡាន បានកៀបស្លាប់ភ្លាមៗជាប់នៅក្នុងឡាន រីឯព្រូឡានឈ្មោះគឹម សុខ ភេទប្រុស អាយុ៤៩ឆ្នាំ ត្រូវជាឪពុកបង្កើត ពេលដែលឡានក្រឡាប់គាត់ បានលូនចេញរួច (របួសស្រាល) ។
រថយន្តរងគ្រោះម៉ាក ហ៊ីណូ ពាក់ស្លាកលេខ ព្រះសីហនុ 3A 3083 ដឹកស៊ីម៉ងត៍ (កំពុងរករថយន្តស្ទូច)។ ក្រោយកើតហេតុសមត្ថកិច្ច បានធ្វើកំណត់ហេតុប្រគល់សព ឲ្យឪពុកយកទៅធ្វើបុណ្យតាមប្រពៃណី។
មូលហេតុ៖ ឡានចុះចំណោតច្រាលលេខ ហ្វ្រាំងទប់អត់ជាប់៕
មតិយោបល់