ព័ត៌មានសិល្បៈ និងកម្សាន្ត

ក្នុងថ្ងៃតែមួយ អេឡិច ចាន់ត្រា ធ្វើរឿង២ នៅថ្ងៃ១៤ កុម្ភៈ

កាលពីថ្ងៃទី១៤ កុម្ភៈ ដែលជាទិវារនៃក្ដីស្រលាញ់ តារាចម្រៀង និងជាតារាបង្ហាញម៉ូដលោក អេឡិច ចាន់ត្រា មិនត្រឹមតែបង្ហាញក្ដីស្រឡាញ់ ចំពោះគ្រួសារ ដោយរៀបចំអាហារមួយពេលជុំគ្នា ដោយសុខចិត្តកាត់ចោលការងាររកលុយប៉ុណ្ណោះទេ លោកក៏បានរត់ទៅកាន់មណ្ឌល កុមារកំព្រាសុម៉ាលីម៉ម ដើម្បីចែករំលែកក្ដីស្រឡាញ់ដល់ក្មេងៗ ទាំងនោះដូចដែលលោកធ្លាប់ធ្វើនាពេលកន្លងមកផងដែរ។

សកម្មភាពរបស់លោក ត្រូវបានគេកោតសរសើរយ៉ាងខ្លាំង ដោយសារតែក្នុងថ្ងៃនោះ គេឃើញយុវវ័យភាគច្រើន ចំណាយពេលនៅកំដរគូស្នេហ៍ ចំណែកលោកបើទោះជាបានអះអាងថា មានមនុស្សជាទីស្រឡាញ់រួចហើយ ក៏នៅតែយកពេលវេលាមកយកចិត្តទុកដាក់ជាមួយគ្រួសារ និងក្មេងៗកំព្រានៅក្នុងមណ្ឌល ដែលចាត់ទុកថាជាគំរូមួយ។

អ្នកលេងហ្វេសប៊ុកជាច្រើន បានលាន់មាត់សរសើរថាលោក អេឡិច ចាន់ត្រា គឺជាតារាគំរូម្នាក់ ដោយសារតែលោក បានបង្ហាញក្ដីស្រឡាញ់ ទៅកាន់មនុស្សដែលចំគោលដៅ ដែលខុសពីយុវវ័យ និងអ្នកមួយចំនួនដែលសុខចិត្តយកពេលទៅចំណាយលើរឿងផ្ទាល់ខ្លួន ជាមួយនឹងបុរស ឬនារីជាសង្សារជំនួសវិញ។ លោកបានចំណាយពេលញាំបាយជាមួយគ្រួសារ ដែលលោកប្រកាសថា កម្របានញាំបាយជុំគ្នា ព្រោះតែការងារ ដោយក្រៅពីញាំអាហារជុំគ្នា លោកក៏បានបង្ហាញការគោរព និងយកចិត្តទុកដាក់ចំពោះអ្នកមានគុណទាំងនោះដែរ។ អ្វីដែលគេកាន់តែលាន់មាត់ទៅទៀត គឺលោកបានឆ្លៀតទៅចែកទឹកចិត្ត និងចំណីចំណុក ហើយចំណាយពេលលេងជាមួយប្អូនៗ នៅក្នុងមណ្ឌលកុមារកំព្រាសុម៉ាលីម៉ម ដែលតារាមួយចំនួន មើលរំលងក្នុងថ្ងៃនៃក្ដីស្រឡាញ់។ នៅក្នុងមណ្ឌលនេះ គេកត់សម្គាល់ថា វត្តមានតារាច្រើននាក់មកហើយ ទៅលើកទឹកចិត្តក្មេងៗ ប៉ុន្តែមិនមែនក្នុងថ្ងៃ១៤ កុម្ភៈនោះទេ ដោយសារតែថ្ងៃទិវារនៃក្ដីស្រឡាញ់នោះ គេផ្ដោតជាធំតែលើការចំណាយពេលជាមួយគូស្នេហ៍ និងជាមួយមួយចំនួន ដែលខ្លួនគិតថា សំខាន់ច្រើនជាង។

លោក អេឡិច ចាន់ត្រា បានអះអាងថា ហេតុផលដែលលោកចំណាយពេលទៅមើលក្មេងៗ នៅក្នុងមណ្ឌលសុម៉ាលីម៉មនោះ គឺបណ្ដាលមកពីពេលកន្លងមក លោករមែងទៅលេងជាមួយក្មេងធ្វើអោយមានទំនាក់ទំនងជាប្រចាំ ហើយដោយសារតែលោកគិតថា ក្នុងថ្ងៃ១៤ កុម្ភៈ ក្មេងទាំងនេះ ត្រូវការការយកចិត្តទុកដាក់ខ្លាំងជាងថ្ងៃណាៗ ទាំងអស់ ទើបលោករវល់ប៉ុណ្ណា ក៏នៅតែចំណាយពេល ជាមួយក្មេងៗនៅក្នុងមណ្ឌលនោះ ដោយលោកកាន់តែរំភើបចិត្តខ្លាំងឡើង នៅពេលបានឃើញក្មេងៗទាំងនោះសប្បាយរីករាយ ដូចបានកាដូពីឋានសួគ៍៕

មតិយោបល់