ភ្នំពេញៈ ទំនាស់រវាងប្តីនិងប្រពន្ធមួយគូររហូតដល់បោករូបថតអាពាហ៍ពិពាហ៍ និងទូរស័ព្ទ ឈានដល់ប្រើអំពើហិង្សាទៅវិញទៅមកយ៉ាងធ្ងន់ធ្ងរ បណ្តាលប្តីឱ្យរបួសពេញខ្លួន រីឯប្រពន្ធសន្លប់នៅលើពូក បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅភូមិថ្មគោល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បុរសជាប្តីមានឈ្មោះ ផាន់ វន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបររត់តាក់ស៊ី រស់នៅផ្ទះកើតហេតុខាងលើ ចំណែកជនរងគ្រោះជាប្រពន្ធមានឈ្មោះ យ៉ាន់ វី ហៅលីន អាយុ២៩ឆ្នាំ មុខរបរមើលការខុសត្រូវទូរហ្គេមបាញ់ត្រី នៅម្តុំសាលាអនុវិទ្យាល័យគោគបញ្ជាន់ រស់នៅជាមួយគ្នាភូមិកើតហេតុខាងលើ។
តាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុឱ្យដឹងថា នៅមុនកើតហេតុ ដោយលឺសំឡេងគ្រួសារខាងលើមានជម្លោះនៅក្នុងគ្រួសារ រហូតបោករបស់របរក្នុងផ្ទះ ហើយលឺសំឡេងកូនយំពេញផ្ទះ បន្ទាប់មកកូនប្រុសរបស់ពួកគាត់បានចេញមកពីក្នុងផ្ទះ ហើយប្រាប់ថា ពុកម្តាយគាត់វាយគ្នាទៅវិញទៅមក ពេលនោះប្រជាពលរដ្ឋក្នុងភូមិបានទូរស័ព្ទប្តឹងសមត្ថកិច្ចឲ្យមកជួយអន្តរាគមន៍ភ្លាមៗផងដែរ ។
ប្រភពពីសមត្ថកិច្ចឱ្យដឹងថា ខណៈប្រជាពលរដ្ឋទូរស័ព្ទប្តឹងភ្លាមៗ កម្លាំងនគរបាលប៉ុស្តិ៍ចុះទៅដល់កន្លែងកើតហេតុ ហើយឃើញប្តីមានរបួសស្នាមក្រចកពេញខ្លួន តែមិនឃើញប្រពន្ធ ពេលនោះដែរ សមត្ថកិច្ចបានស្រែកហៅប្រពន្ធ តែមិនលឺសំឡេងឆ្លើយតប ហើយសមត្ថកិច្ចមានការសង្ស័យបានឡើងទៅលើឡៅតឿឃើញស្ត្រីជាប្រពន្ធដេកស្ដូកស្ដឹងដកដង្ហើមឡើងញាប់នៅលើពូក ក៏ហៅប្រជាពលរដ្ឋឱ្យជួយធ្វើចលនាដង្ហើម និងបញ្ជូនទៅមន្ទីរពេទ្យឯកជនភ្លាមៗផងដែរ និងឃាត់បុរសជាប្តីយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២តែម្តង។
ប្រភពពីបុរសជាប្តីខាងលើសារភាពប្រាប់សមត្ថកិច្ចថា នៅមុនកើតហេតុ រូបគាត់មិនសូវស្រួលខ្លួនផង ណាមួយមិនពេញចិត្តការងារប្រពន្ធបានទូរស័ព្ទទៅប្រពន្ធគាត់ជាច្រើនដងនៅកន្លែងធ្វើការទូហ្គេមបាញ់ត្រី តែប្រពន្ធគាត់មិនព្រមទទួល ហើយពេលទទួលទូរស័ព្ទបានជេរប្រមាថ គាត់យ៉ាងខ្លាំងធ្វើឲ្យគាត់ទ្រាំមិនបានក៏ទៅរករឿងនៅកន្លែងធ្វើការតែម្ដង រួចបានឈ្លោះប្រកែកគ្នា លុះនាំគ្នាមកដល់ផ្ទះវិញប្រពន្ធគាត់បោករូបថតអាពាហ៍ពិពាហ៍ចោល ហើយប្តីក៏បោកទូរស័ព្ទប្រពន្ធចោលវិញដែរ និងបានវាយគ្នាទៅវិញទៅមក ។ ក្រោយប្តីចាប់បោចសក់ប្រពន្ធសង្កត់លើពូក ចំណែកប្រពន្ធខាំនឹងក្រញៅពេញខ្លួនប្តី អ្នកទាំងពីររងរបួសរៀងខ្លួនដោយប្រពន្ធថប់ដង្ហើមជិតសន្លប់ទើបសមត្ថកិច្ចពឹងអ្នកជិតខាងឲ្យយកទៅមន្ទីរពេទ្យឯកជនជិតកន្លែងកើតហេតុភ្លាមៗផងដែរ។
ក្រោយពេលកើតហេតុ ស្ត្រីរងគ្រោះជាប្រពន្ធមិនប្តឹងប្តល់ទៅលើប្តីរបស់ខ្លួនឡើយ ដោយឱ្យសមត្ថកិច្ចធ្វើកិច្ចសន្យា និងឱ្យត្រឡប់ទៅផ្ទះវិញភ្លាមៗ តែប្តីសុំសំណូមពរប្រពន្ធរបស់គាត់កុំទៅធ្វើការងារកន្លែងទូរហ្គេមបាញ់ត្រីទៀត ព្រោះមិនមែនការងារល្អនោះឡើយ ៕





មតិយោបល់