ព័ត៌មានជាតិ

ស្រីស្អាត៣នាក់រួមទាំងបុរសម្នាក់ជាជនជាតិវៀតណាមត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីជួញដូរ

ស្វាយរៀង: កម្លាំងនគរបាលស្នងការដ្ឋានខេត្តស្វាយរៀង ផែនអន្តោប្រវេសន៍ នាព្រឹកថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០១៩ បានសហការជាមួយរដ្ឋបាលក្រុងបាវិត អធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំដោយលោក លឹម សៀងហេង អភិបាលរងក្រុងបាវិត និងលោកវរសេនីយ៍ឯក ឃន តារាសម្បត្តិ ស្នងការរងទទួលផែនការងារអន្តោប្រវេសន៍ ចុះត្រួតពិនិត្យរដ្ឋបាលតាមបណ្ដាផ្ទះជួល ក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ខេត្តស្វាយរៀង។
នៅពេលចុះត្រួតពិនិត្យរដ្ឋបាលតាមបណ្ដាផ្ទះជួល បានរកឃើញជនបរទេស ៤នាក់ក្នុងនោះមាន ស្រី ៣នាក់ សញ្ជាតិ វៀតណាម ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់សារធាតុញៀន ជនសង្ស័យទាំង៤នាក់ខាងលើ ១.ឈ្មោះ ហាយ វៀកហុង ភេទប្រុស អាយុ៦៦ឆ្នាំ, ២.ឈ្មោះ ង្វៀង ធីឡើយ ភេទស្រី អាយុ២៤ឆ្នាំ, ៣.ឈ្មោះ ប៊ួយ ធីលួ ភេទស្រី អាយុ៣៤ឆ្នាំ និង៤.ឈ្មោះ ត្រឹង ធីម៉ាយ ភេទស្រី អាយុ២៣ឆ្នាំ រួមទាំង វត្ថុតាងមាន ម្សៅក្រាមពណ៍សថ្លា (មេតំហ្វេតាមីនអាយ) ចំនួន ៣កញ្ចប់ធំ, ថ្នាំគ្រាប់ (អ៉ិចស្តាស៊ី) ចំនួន ៤០គ្រាប់ និងទូរស័ព្ទដៃចំនួន ៥គ្រឿង។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ និងវត្ថុតាង ត្រូវបានប្រគល់ឲ្យខាងជំនាញគ្រឿងញៀន ក្រុងបាវិត ដើម្បីបន្តតាមនីតិវិធី៕

មតិយោបល់