ភ្នំពេញៈ កម្លាំងចម្រុះនៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ បានប្រតិបត្តិការយ៉ាងក្តៅគគុក ដោយឃាត់ខ្លួនបុរសម្នាក់ បន្ទាប់ពីមានជនរងគ្រោះ មកដាក់ពាក្យបណ្តឹងអំពីករណី ត្រូវបានចោរលួចរថយន្ត។
ក្រោយពីទទួលដំណឹងភ្លាម កម្លាំងនគរបាលបានកំណត់មុខសញ្ញា និងធ្វើការចាប់ខ្លួនជនសង្ស័យបានតែម្តង កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះល្វែង ជាប់និងផ្សារស៊ិនជូរី ក្នុងភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ យិន តារា អាយុ៤៧ឆ្នាំ ជាអតីតមន្ត្រីយោធា ត្រូវបណ្តេញចេញពីអង្គភាព បច្ចុប្បន្នរស់នៅផ្ទះល្វែងជាន់ទី៣ លេខ២០អ៊ឺ១សេ និងមានស្រុកកំណើតភូមិខ្សាម សង្កាត់កំពង់ឆ្នាំង ក្រុង-ខេត្តកំពង់ឆ្នាំង។
ចំណែកជនរងគ្រោះ ឡាច ចរិយា ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរក្រុមហ៊ុន ស្នាក់នៅ ផ្ទះលេខ២២E ២ភូមិតាងួន សង្កាត់កាកាបទី១ ស្រុកកំណើតនៅភូមិកោះគរ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ រថយន្តដែលបាត់ម៉ាកកូរ៉ូឡា ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៤ ពាក់ស្លាកលេខ ភ្នំពេញ 2E-7708។
ក្រោយពីឃាត់ខ្លួន សមត្ថកិច្ច កំពុងស្វែងរកវត្ថុតាងបន្ថែម ដើម្បីកសាងសំណុំរឿង និងបញ្ជូនបន្ត ទៅកាន់ផ្នែកជំនាញព្រហ្មទណ្ឌ ចាត់ការបន្តតាមផ្លូវច្បាប់៕
មតិយោបល់