ព័ត៌មានជាតិ

ឃុំខ្លួនជនដែលបាញ់ជិត១០គ្រាប់ទៅលើឡានក្រុង នៅលើផ្លូវជាសុផារ៉ា នៅព្រៃស!

ភ្នំពេញៈ ទីបំផុតទៅ បុរសជាខ្មាន់កាំភ្លើងដែលបានបាញ់ជិត១០គ្រាប់ទៅលើឡានក្រុង របស់ក្រុមហ៊ុន បូព៌ា អាស៊ី ដឹក អ្នកដំណើរ នោះត្រូវបានបញ្ជូនខ្លួន ដល់ពន្ធនាគារព្រៃស ហើយនៅម៉ោងប្រមាណជា ១២ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧នេះ បើយោងតាមឱ្យដឹងពី សមត្ថកច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ការបញ្ជូនជនត្រូវចោទខាងលើទៅព្រៃស ធ្វើឡើងក្រោយពីលោក សេង រិទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្នលើឈ្មោះ អេង កុសល។

ប្រភពបន្ថែមថា លោក ឡុង ជាប ព្រះរាជ អាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបើកការស៊ើបសួរ និងសម្រេចចោទប្រកាន់លើឈ្មោះ អេង កុសល អាយុ៣៧ឆ្នាំ ស្នាក់នៅផ្ទះលេខដេ២៤ ផ្លូវលេខ២ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ មុខរបរអង្គរក្សនៅបន្ទាយវីរៈ៤៩៩(ទាហាន) ពីបទ កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មាន ការ អនុញ្ញាត និងបទ ធ្វើឲ្យខូចខាតដោយ ចេតនា ប្រព្រឹត្តកាលពីយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ កន្លងទៅនៅតាមបណ្ដាយផ្លូវ៥៩៨ (ផ្លូវជាសុផារ៉ា) មុខដីឧកញ៉ា លី ហួរ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ យោងតាមមាត្រា ៤១០ និងមាត្រា ៤៩០នៃក្រម ព្រហ្មទណ្ឌ។

សូមជម្រាបជូនថា កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនជនត្រូវចោទខាងលើ ទៅកាន់តុលាការក្រុងភ្នំពេញកាលពីព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧កន្លងទៅ។

គួររំលឹកថា កាលពីយប់ថ្ងៃទីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ មានហេតុការណ៍គ្រោះចរាចរណ៍មួយបានកើតឡើង ដោយបង្កឡើងដោយ រថយន្ដក្រុង របស់ក្រុមហ៊ុន បូព៌ាអាស៊ីដឹកអ្នកដំណើរ បានបើកទៅកៀរ យន្ដព្រូសរបស់ជនសង្ស័យ ប៉ុន្តែរថយន្តក្រុងនោះ មិនបានឈប់ដោះស្រាយគ្នានោះទេ ហើយព្យាយាមបើករត់គេច ទើបធ្វើឲ្យជនសង្ស័យជាម្ចាស់រថយន្ដព្រូស ខឹង និងដកកាំភ្លើងបាញ់ប្រហារពីក្រោយរថយន្តក្រុងនោះជាច្រើនគ្រាប់ ផ្អើលពេញក្រុងភ្នំពេញតែម្ដង៕

https://youtu.be/aVtToDgNn6Y

មតិយោបល់