បាត់ដំបងៈ ទំនិញជាច្រើនប្រភេទ ដែលក្រុមឈ្មួញបាននាំចូលតាមច្រកតំបន់គីឡូ១៣ ត្រូវបានគេផ្លាស់ប្តូររូបភាពក្នុងការដឹកជញ្ជូនទំនងជាចង់បំភ័ន្តភ្នែកក្រុមអ្នកសារព័ត៌មាន ទើបមានការកែប្រែបែបនេះ ដែលក្នុងនោះមានទំនិញជាច្រើនប្រភេទ ត្រូវបានគេដាក់បង្កប់នៅក្រោមរទេះតូចៗ ក្រោមក្រសែភ្នែកត្រួតពិនិត្យ និងឲ្យសញ្ញាបញ្ជាក់ថា ជាទំនិញត្រូវរ៉ូវគ្នា ដោយគ្រាន់តែកត់ចូលបញ្ជីជាការស្រេច ដែលជាទង្វើមួយកេងប្រវ័ញ្ចលើចំណូលនៃថវិការដ្ឋទាំងស្រុង។
នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៦នេះ ក៏ដូចជាថ្ងៃមុនៗដែរ នៅត្រង់ចំនុចច្រកតំបន់គីឡូ១៣ ដែលស្ថិតក្នុងភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ដោយប្រភពនៅទីនោះបានរាយការណ៍មកថា មានការនាំចូលនូវទំនិញមិនប្រក្រតី ដែលបានដាក់បង្កប់នៅក្នុងរទេះតូចៗ គឺបានអូសចេញពីទឹកដីថៃ ចូលមកក្នុងទឹកដីកម្ពុជា តាមច្រកតំបន់គីឡូ១៣ មិនក្រោមពីមួយរយរទេះនោះទេ។ រាល់សកម្មភាព នៃការនាំចូលនូវទំនិញទាំងនេះ គេសង្គេតឃើញថា មានមន្ត្រីគយ និងសាខាកាំកុងត្រូលនៅអង្គុយចាំកត់ត្រានូវចំនួនរទេះ ដែលពួកគេគ្រាន់តែឲ្យ សញ្ញាតាមក្រសែភ្នែក ឬក៏តាមរយៈការប្រាប់ឈ្មោះមេឈ្មួញ គឺជាការស្រេចដោយមិនបាច់ចាំឆែក ឬក៏ត្រួតពិនិត្យទៅលើទំនិញនៅក្នុងរទេះនោះឡើយ ដោយគេចាំសរុបគ្នានៅដំណាច់ខែ មានន័យថា នេះគឺជាការត្រូវរ៉ូវគ្នារវាងក្រុមជំនាញ និងក្រុមឈ្មួញដោយមិនបញ្ជូលទៅក្នុងបញ្ជីរដ្ឋឡើយ។
ជាក់ស្តែងនៅព្រឹកនេះផងដែរ ក៏មានរទេះមួយចំនួនបានអូសរត់គេចពីកាមេរ៉ារបស់អ្នកសារព័ត៌មាន ដោយទំនិញមិនប្រក្រតី និងជាប្រភេទទំនិញឃុបឃិតនេះត្រូវបានគេយកទៅលាក់ទុកពាសវាលពាសកាល ដើម្បីដឹកតាមរថយន្តបន្តទៅកាន់ក្រុងបាត់ដំបងដោយប្រភេទទំនិញដែលគេបង្កប់ទាំងនោះរួមមាន៖ គ្រឿងទេស គ្រឿងកំប៉ុង ឥវ៉ាន់ចាប់ហ៊ួយ សាច់ជ្រូក ត្រីអន់គុណភាព ម្ទេសក្រៀម ថ្នាំបាញ់សម្លាប់សត្វល្អិត ជីកសិកម្មពិសេស គឺគ្រឿងបន្លាស់រថយន្តតែម្តង ដែលជាទំនិញគេចពន្ធ ឬក៏ជាការត្រូវគ្នាសុទ្ធសាធជាមួយនឹងក្រុមជំនាញ ប្រជាពលរដ្ឋមួយចំនួនដែលរកស៊ីដឹកទំនិញឆ្លងដែនបាននិយាយថា មានពេលខ្លះ គឺរទេះមួយត្រូវបង់លុយឲ្យគេ២០០បាត ហើយការដកហូតបែបនេះ គឺបានធ្វើឡើងគ្រប់អង្គភាពដែលឈរជើងនៅក្នុងច្រកតំបន់នោះ រឿងដែលសំខាន់នោះ គឺថវិការដ្ឋអាចមានការបាត់បង់ច្រើន ដែលមូលហេតុមកពីមានការឃុបឃិតគ្នារវាងមេឈ្មួញ ជាមួយគយ និងកាំកុងត្រូលដែលឈរជើងនៅទីនោះតែម្តង។
ជារួមសម្រាប់ច្រកតំបន់គីឡូ១៣ ក្នុងស្រុកសំពៅលូន គឺកំពុងតែមានការបែកធ្លាយជាបណ្តើរៗ ហើយអំពីរឿងទំនិញគេចពន្ធ និងទំនិញដែលមានភាពមិនប្រក្រតីទាំងនេះ ដែលជាសញ្ញាមួយនៃការបើកភ្លើងខៀវពីសំណាក់អង្គភាពជំនាញដែលឈរជើងនៅចំនុចខាងលើនេះ ដូច្នេះរាល់បញ្ហាទាំងនេះ បើប្រធានអង្គភាពទាំងនោះ កុំថាឡើយ ដល់ថ្នាក់ក្រសួង គឺតែត្រឹមថ្នាក់ខេត្តក៏វាអាចវិសេសវិសាលទៅហើយ បើអស់លោក ចេះត្រួតពិនិត្យលើភាពមិនប្រក្រតីរបស់ច្រកតំបន់ខាងលើនេះ ព្រោះបើគេនៅតែទុកបណ្តែតបណ្តោយតទៅទៀត ចំណូលនៃថវិការដ្ឋប្រាកដជាត្រូវធ្លាក់ចុះ ដោយសារតែបុគ្គលមួយចំនួនតូច ដែលកំពុងតែគិតពីផលប្រយោជន៍ផ្ទាល់ខ្លួនជាមិនខាន៕











មតិយោបល់