ព័ត៌មានជាតិ

លោកសង្ឃបែកស្លុយ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

ស្ទឹងត្រែងៈ លោកសង្ឃបែកស្លុយមួយអង្គ ត្រូវបាននគរបាលប្រឆាំងបទល្មើសគ្រឿងញៀនខេត្ត ធ្វើការឃាត់ខ្លួន ព្រមទាំងដកហូតថ្នាំញៀនមួយកញ្ចប់កាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៦ ត្រង់ចំណុចក្នុងកុដ្ឋ វត្តកណ្តាល ស្ថិតក្នុងភូមិកណ្តាល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចប្រាប់ឲ្យដឹងថា ការឃាត់ខ្លួនព្រះសង្ឃខាងលើនេះ គឺយើងបានដាក់បណ្តាញអស់រយៈពេលជាច្រើនថ្ងៃ និងដោយមានការសម្របសម្រួលពីសំណាក់លោក ជា ពេជ្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តទើបអាចកំណត់មុខសញ្ញាបាន និងធ្វើការឃាត់ខ្លួននៅចំណុចខាងលើតែម្តង។

សមត្ថកិច្ចបន្តថា បន្ទាប់ពីឃាត់ខ្លួនព្រះសង្ឃខាងលើរួចមក សមត្ថកិច្ចក៏បាននាំខ្លួនមកកាន់ ស្នងការដ្ឋាននគរបាលខេត្តដើម្បីចាប់ផ្សឹក សួរនាំនិងធ្វើតេស្តរកនូវសារធាតុញឿនផងដែរ។

ក្រោយការឃាត់ខ្លួនសមត្ថកិច្ចបានដកហូតបានវត្ថុតាងថ្នាំញៀនប្រភេទម្សៅមេតំហ្វេតាមីន ពណ៌សថ្លា(ម៉ាទឹកកក)ចំនួន១កញ្ចប់ធំ ដែលមានទំងន់ស្មើរនឹង ៩៣៦.៧ ក្រាម។

សមត្ថកិច្ចបញ្ជាក់ថា ព្រះសង្ឃដែលឃាត់ខ្លួនបានមានឈ្មោះ ម៉ៃ សំអឿន ភេទប្រុស អាយុ៣៤ ឆ្នាំ ជនជាតិខ្មែរមុខរបរ ជាចៅអធិការវត្តកណ្តាល កម្រិតវប្បធម៌ អនុបណ្ឌិតមានស្រុកកំណើត នៅភូមិកំភុន ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង បច្ចុប្បន្នរស់នៅក្នុងវត្ត ខត្តិយារ៉ាម ហៅ វត្តកណ្តាលស្ថិតក្នុងភូមិកណ្តាល ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

បច្ចុប្បន្នលោកសង្ឃរូបនោះ រួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធីនៃច្បាប់៕

មតិយោបល់