ភ្នំពេញៈ លោក នេត មុនីប៉ុណ្ណាកា ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មរាជធានីភ្នំពេញក្នុងសិក្ខាសាលាផ្សព្វផ្សាយចំណេះដឹងស្តីពីការប្រើប្រាស់សាធាតុគីមីចំណីអាហារ នៅព្រឹកថ្ងៃទី៨ ខែកក្កដានេះ បានព្រមានចាត់វិធានការណ៍តាមផ្លូវច្បាប់ ចំពោះម្ចាស់សហគ្រាសនិងសិប្បកម្មទាំងឡាយណាដែលមិនប្រតិបត្តិទៅតាមលក្ខណៈច្បាប់ និងការប្រើប្រាស់សារធាតុគីមីខុសស្តង់ដាបច្ចេកទេស។
លោកប្រធានមន្ទីរបញ្ជាក់ថា ការដាក់វិធានការណ៍ដូច្នេះ ដើម្បីពង្រឹងឲ្យម្ចាស់សហគ្រាស ផលិតចំណីអាហារទាំងមានក្រមសីលធម៌ក្នុងការផលិតដែលគិតគូពីសុវត្ថិភាពអ្នកបរិភោគ ខណៈដែលថ្មីៗនេះមានការលិចឮថា ផលិតផលចំណីអាហារមួយចំនួនដូចជាប្រហិត មី គុយទាវ ទឹកស៊ីអ៊ី ទឹកម្ទេស និងផលិតផ្សេងៗបានលាយផ្សំសាធាតុគីមីពុំត្រឹមត្រូវតាមបច្ចេកទេស។
យ៉ាងណាក៏ដោយលោកបានអះអាងថា ពុំមានបញ្ហាអ្វីឡើយ ដោយមន្ទីរបានឲ្យមន្រ្តីជំនាញចុះធ្វើការត្រួតពិនិត្យតាមដានគ្រប់សហគ្រាសផលិតចំណីអាហារ និងភេស្ជជៈជាងរៀងរាល់៣ខែម្តងឬ៦ខែម្តង ក្នុងករណីរកឃើញភាពមិនប្រក្រតីនោះអ្នកជំនាញ នឹងណែនាំឲ្យមានការកែតម្រូវភ្លាមៗ ដើម្បីការសុខមាលភាពអ្នកប្រើប្រាស់។
លោកបញ្ជាក់ថា មន្ទីរក៏បានណែនាំដល់ម្ចាស់សហគ្រាសទាំងនោះឲ្យមានការកាត់បន្ថយសារ ធាតុគីមីដែលពុំចាំបាច់រួមជាមួយនឹងការហាមឃាត់ការវេចខ្ចប់ថង់ប្លាស្ទីកដែលផលិតចេញពីថង់ប្លាស់ស្ទីកប្រើប្រាស់រួច ដែលអាចរក្សាបានសុវត្ថិភាព និងមិនសាយភាយសារធាតុគីមីចូលក្នុងផលិតផលចំណីអាហារផងដែរ។
កញ្ញា ឡូវ ស្រីណុច តំណាងម្ចាស់សិប្បកម្មផលិតគុយទាវបានបញ្ជាក់ថា សិប្បកម្មអ្នកនាងពុំដែលហ៊ានប្រើប្រាស់សាធាតុគីមីផ្សំខុសបច្ចេកទេសស្តង់ដាឡើយ ដោយសារតែអ្នកជំនាញបានធ្វើការ ត្រួតពិនិត្យជាប្រចាំ។ ម្យ៉ាងទៀត ដើម្បីចូលរួមការពារសុខភាពរបស់ប្រជាពលរដ្ឋផងដែរ។
ក្រុមអ្នកជំនាញសុខភាពបានអះអាងថា ការលាយផ្សំសារធាតុគីមីក្នុងចំណីអាហារ ឬ ភេសជ្ជៈហួសហេតុខុស ពីស្តង់ដាបច្ចេកទេសនោះ វាបង្កផលប៉ៈពាល់ដល់សុខភាពដូចជាមានការពុលធ្វើឲ្យក្អួតចង្អោល រាគរុស ឬស្លាប់ភ្លាមៗ។ បន្ថែមពីនេះបានបង្កផលប៉ះពាល់យូរអង្វែងធ្វើឲ្យមានជម្ងឺ រុាំរ៉ៃ ទឹកនោមផ្អែម លើសឈាម ជម្ងឺមហារីក ជម្ងឺសួត និងជម្ងឺតម្រងនោមជាដើមហើយឈានទៅការស្លាប់ផងដែរ។
សូមបញ្ជាក់ថា ការពង្រឹងវិធានការគ្រប់គ្រងសុវត្ថិភាពចំណីអាហារនេះ បានធ្វើឡើងស្របតាម ច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រនិងសិប្បកម្ម និងការប្រកាសអន្តរក្រសួងស្តីពីការអនុវត្ត និងការរៀបចំសម្របសម្រួលស្ថាបន័កិច្ចនៃប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពចំណីអាហារចាប់ពីកសិដ្ឋានផលិតដល់ការបរិភោគ៕
មតិយោបល់