ព្រះសីហនុៈ រថយន្តបែនដឹកថ្មមួយគ្រឿង ចុះចំណោទដាច់ហ្វ្រាំង បុករថយន្ត ១គ្រឿង ដែលឈប់ចតនៅជាយផ្លូវ ក្រឡាប់សង្កត់ពីលើតែម្ដង បណ្តាលឲ្យស្លាប់មនុស្សម្នាក់ នៅហ្នឹងកន្លែងកើតហេតុ និងមនុស្សម្នាក់ទៀតរងរបួសធ្ងន់។ ឧបទ្ទវហេតុខាងលើ បានកើតឡើងនៅថ្ងៃអាទិត្យ ១៣កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង០៩និង៤០នាទី លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៤០-១៤១ (ផ្លូវបំបែកស្រែអំបិល) ស្ថិតនៅក្នុងភូមិចំការហ្លួង ឃុំចំការហ្លួង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។
លោកឧត្តមសេនីយ៍ត្រី អ៊ី សុខា ស្នងការរងនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ករណីគ្រោះថ្នាក់ខាងលើ បង្កឡើងដោយរថយន្តបែនដឹកថ្ម០១គ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ កំពង់ធំ 3A-1369 អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ ភេទប្រុស មានទិសដៅពីកោះកុង ឆ្ពោះទៅភ្នំពេញ លុះដល់ចំណុចខាងលើ រថយន្តដាច់ហ្រ្វាំងចុះចំណោទ មកបុកនឹងរថយន្ត ០១គ្រឿង ដែលឈប់ចតនៅជាយផ្លូវ បណ្ដាលឲ្យក្រឡាប់សង្កត់ពីលើតែម្ដង រថយន្តម៉ាក CRV ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2M-2821 បើកបរដោយឈ្មោះ សុទ្ធ រិទ្ធី ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិ៤ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ មានអ្នករួមដំណើរចំនួន០២នាក់ ប្រពន្ធនិងកូន (មុនពេលកើតហេតុប្រពន្ធ និងកូនបានចុះទៅទិញរបស់សម្រាប់ហូប មិនបាននៅក្នុងរថយន្តទេ)។
ក្នុងហេតុការណគ្រោះថ្នាក់នេះ បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ និងរងរបួសមនុស្សម្នាក់( អ្នកបើកបររថយន្ត HYUNDAI រងរបួសធ្ងន់ បានបញ្ជូនទៅសង្គ្រោះមន្ទីរពេទ្យបង្អែក ស្រុកស្រែអំបិល ឈ្មោះ សុទ្ធ រិទ្ធី ស្លាប់នៅនឹងកន្លែងកើតហេតុ) បានប្រគល់សពជូនទៅឲ្យក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី។ រីឯវត្ថុតាង រថយន្តទាំងពីរ ខូចខាតធ្ងន់ សមត្ថកិច្ចជំនាញកំពុងចាត់ចែងស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សិលា៕
មតិយោបល់