ព័ត៌មានជាតិ

ឆក់ទៀតហើយនៅខណ្ឌពោធិ៍សែនជ័យ! ជិតដល់ថ្ងៃចូលរោងការ កំពុងជិះម៉ូតូសាងស្នេហ៍ ត្រូវចោរឆក់កាបូប បណ្ដាលឲ្យដួលទាំងម៉ូតូ និងរបួស

ភ្នំពេញៈ ប្រុស្រីគូដណ្តឹងមួយគូ ជិតដល់ថ្ងៃចូលរោងការទៅហើយ នឹកថាមុនក្លាយជាប្តីប្រពន្ធ ចង់សាងនូវអ្វីដែលជាអនុស្សាវរីយ៍មួយទុក សម្រាប់ក្រោយថ្ងៃរៀបអាពាហ៍ពិពាហ៍ ឲ្យនៅចងចាំមិនអាចបំភ្លេចបាន ក្នុងគ្រានៅក្រមុំកំលោះ។ អ្វីដែលពួកគេប៉ងប្រាថ្នានោះ ពិតជាបានមែន តែហួសការរំពឹងទុក ដែលមិនអាចបំភ្លេចបាន បន្ទាប់ពីជួបរឿងមិនល្អ ត្រូវ លោកចោរឆក់យកកាបូបទៅបាត់ ដួលទាំងម៉ូតូ ត្រឡប់ត្រឡិន របួសដៃជើង កាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវសហព័ន្ធរុស្សីភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះទាំង២នាក់ ម្នាក់ឈ្មោះ នួន រ័ត្ន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកសិករ និងម្នាក់ទៀតឈ្មោះ ហ៊ុន កូឡន ភេទស្រី អាយុ២២ឆ្នាំ មុខរបរកម្មការនីរោងចក្រ ទាំង២នាក់ជាគូរដណ្តឹងនិងគ្នា ស្នាក់នៅភូមិ តាសេក សង្កាត់កំបូលខណ្ឌពោធិ៍សែនជ័យ។

ប្រភពពីជនរងគ្រោះ បានឲ្យដឹងថា ពួកគេទាំង២នាក់ ជាគូដណ្តឹងនឹងគ្នា ហើយនឹងចូលរោងការនៅចុងខែនេះផងដែរ ដោយយល់ឃើញជិតចូលរោងការទៅហើយ ក៏ឆ្លៀតជិះម៉ូតូឌុបគ្នាដើរលេងដើម្បីសាងអនុស្សាវរីយ៍ខ្លះៗ លុះក្រោយពីដើរលេងឆ្អែតហើយ ក៏ឌុបគ្នាត្រឡប់ទៅផ្ទះវិញ ដោយជិះម៉ូតូមួយគ្រឿង ម៉ាក ZOOMER ពណ៌ស លាយទឹកក្រូច ពាក់ស្លាកលេខ ស្វាយរៀង1K-0952 តាមផ្លូវសហព័ន្ធរុស្សី ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចខាងលើ ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ តាមពីក្រោយឆក់យកកាបូប ពណ៌ខ្មៅដែលកាន់ជាប់ដៃ បានសម្រេច ហើយរត់គេចបាត់ បណ្ដាលឲ្យម៉ូតូគាត់ និងរងរបួសទាំង២នាក់យ៉ាងដំណំតែម្តង។

ជនរងគ្រោះបានបញ្ជាក់ថា នៅក្នុងកាបូបខាងលើមានតែលុយខ្មែរ២៥ម៉ឺន លុយដុល្លារ ២ដុល្លារ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីមួយសន្លឹក និងបង្កាន់ដៃមួយចំនួន។

ក្រោយកើតហេតុជនរងគ្រោះ បានត្រឹមដឹកគ្នាទៅប្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ៣ ឲ្យជួយស្រាវជ្រាវ ទាំងខ្លួនកំពុងមានរបួស រលាត់ដៃជើង ខំថែខ្លួនលាបឡេ ត្រៀមចូលរោងការផង៕

មតិយោបល់