ព័ត៌មានជាតិ

ចុះពិនិត្យគ្លីនិកព្យាបាលមាត់ធ្មេញអត់ច្បាប់៧កន្លែង តាមបណ្តាស្រុកក្នុងខេត្តកំពត

កំពតៈ គ្លីនិក​​ព្យាបាល​មាត់​ធ្មេញ​​អត់​ច្បាប់​ ចំនួន​៧​កន្លែង​ នៅ​តាម​បណ្តា​ស្រុក​មួយចំនួន​ក្នុង​ ខេត្តកំពត​ ត្រូវ​បាន​កម្លាំង​ចំរុះ ​ចុះ​ពិនិត្យ ​ធ្វើ​ការ​ណែនាំ​ឲ្យ​​ក្រុម​​អាជីវកម្ម​ទាំង​អស់​ ​ធ្វើ​ច្បាប់​សំណុំ​បែបបទ​តាម​បទដ្ឋាន​បច្ចេកទេស​ឲ្យ​​បាន​ត្រឹមត្រូវ​ តាមរយៈ​មន្ទីរ​សុខាភិបាល។

ការចុះពិនិត្យនេះ ធ្វើឡើង​កាលពី​វេលា​ម៉ោង​១០និង​១៥​នាទី​ថ្ងៃទី​៧ ខែកក្កដា ​ឆ្នាំ​២០១៦​ ​ដោយ​ ក្រុម​គណៈកម្មការ​លុបបំបាត់ ​ឱសថ​ក្លែង​ក្លាយ​ និង​សេវាកម្ម​សុខាភិបាល​ខេត្ត ​​ដឹកនាំ​ដោយ​លោក​ សូត យា អភិបាលរង​ខេត្ត​ និង​ជា​ប្រធាន​គណៈកម្មការ​ និង​មានការ​ចូលរួម​ពី​លោក កែវ សុផាន់ អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ ​​បាន​ការ​សហការ​ជាមួយ​ព្រះរាជ​អាជ្ញារង​លោក​ ខៃ សម្ផស្ស ​ព្រមទាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្ម​ទ​ណ្ឌ។

លោក ខៃ សម្ផស្ស ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​ បាន​ឲ្យ​ដឹងថា កន្លងមក​កន្លែង​បើក​ធ្វើ​អាជីវកម្ម​ព្យាបាល​មាត់​ធ្មេញ​ជាច្រើន ​កន្លែង​តាម​បណ្តា​ស្រុក ​មួយចំនួន​នៅក្នុង​ខេត្ត ​មន្ទីរ​សុខាភិបាល​ បាន​ណែនាំ​ឲ្យ​បងប្អូន​ដែល​បើក​អាជីវកម្ម​ទាំងនោះ​ធ្វើ​ច្បាប់​សំណុំ​បែបបទ​ ដោយ​មាន​ការពិនិត្យ​ពី​បទដ្ឋាន​បច្ចេកទេស​ឲ្យ​បាន​ត្រឹមត្រូវ​តាមរយៈ​មន្ទីរ​សុខាភិបាល​។

លោក ​បាន​បន្ដ​ទៀតថា គណៈកម្មការ​លុបបំបាត់​ឱសថ​ក្លែងក្លាយ​របស់​មន្ទីរ​សុខាភិបាល​ខេត្ត​ ក៏បាន​ចុះ​ត្រួតពិនិត្យ​និង​ណែនាំ​ជាច្រើនលើក​ផងដែរ ​ដើម្បី​ឲ្យ​មានការ​ទទួលស្គាល់​តាម​ច្បាប់​ត្រឹមត្រូវ​ពី​មន្ទីរ​សុខាភិបាល​។ ​តែ​រហូតមក​ដល់ពេលនេះ​ ក្រុម​អ្នកធ្វើអាជីវកម្ម​ព្យាបាល​មាត់​ធ្មេញ​ទាំងអស់​ពុំបាន​ធ្វើតាម​ការ​ណែនាំរ​បស់​មន្ទីរ​សុខាភិបាល​ទេ ​ទើប​ថ្ងៃនេះ ​គណៈកម្មការ​លុបបំបាត់​ឱសថ​ក្លែងក្លាយ ​របស់​មន្ទីរ​សុខាភិបាល​ចុះ​អនុវត្ត​ដីការ​បញ្ឈប់​សកម្មភាព​ល្មើសច្បាប់​ទាំងនោះ​។

ពាកព័ន្ធ​និង​ប​ញ្ហាខាងលើ​នេះដែរ​ លោក កែវ ​សុផាន់ អនុប្រធាន​មន្ទីរ​សុខាភិបាល​បាន​ខេត្ត​មាន​ប្រសាសន៍ថា កន្លងមក​គណៈកម្មការ​យើង​បាន​ចុះ​ពិនិត្យ​កន្លែង​បើក​ធ្វើ​អាជីវកម្ម​ព្យាបាល​មាត់​ធ្មេញ​នៅ​តាម​បណ្តា​ស្រុក​ក្នុង​ខេត្ត​មាន​៧​កន្លែង ​ដែល​មិន​មាន​ច្បាប់​ត្រឹមត្រូវ ក្នុង​នោះ​មានស្រុក​ឈូក​១​កន្លែង ស្រុក​កំ​ពង់​ត្រាច ​២​កន្លែង​ ស្រុក​បន្ទាយមាស​៣​កន្លែង ​ស្រុក​អង្គរ​ជ័យ១​កន្លែង​។

ជាក់ស្តែង​ក្រោយពី​លេខាធិការដ្ឋាន​បាន​ផ្សព្វផ្សាយ​ឲ្យ​បញ្ឈប់​តាម​ការណែនាំ​របស់​ក្រសួង ​ឃើញថា​៤​កន្លែង​បាន​ផ្អាក​សកម្មភាព​តាម​ការណែនាំ​របស់​លេខាធិការដ្ឋាន ​ហើយ​នៅ​បី​កន្លែង​ទៀត​នៅ​រឹងទទឹង​មិន​ស្តាប់​ការណែនាំ​ទើប​តុលា​ការចេញ​សាល​ដី​ការចុះអនុវត្ត​ដកហូត​សម្ភារៈ ​បរិក្ខា​នា​ថ្ងៃនេះ​។

លោក​អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ឲ្យ​ដឹង​ទៀតថា ចំពោះ​អ្នក​ដែល​ផ្អាក​សកម្មភាព​តាម​ការ​ណែនាំ​របស់​ក្រសួង រហូតដល់​ទន្ត បណ្ឌិត ​ឬ ទន្តពេទ្យ​ដែល​បាន​បំពេញ​លក្ខខណ្ឌ​​គ្រប់គ្រាន់​លេខាធិការដ្ឋាន​យើង​ និង​អនុញ្ញាត​ជូន​ឲ្យ​បំរើ​សេវា​កម្ម​ឡើងវិញ​បាន​។

លោក​បាន​សំណូមពរ​ផងដែរ​ថា ​ក្នុងនាម​លេខាធិការដ្ឋាន សុំ​ឲ្យ​អ្នកផ្តល់​សេវាកម្ម​ក្នុង​វិស័យ​សេវាកម្ម​សុខាភិបាល​ទាំងអស់​ឲ្យ​យកចិត្តទុកដាក់​ពង្រឹង​ការអនុវត្ត​ច្បាប់​ និង​ក្រមសីលធម៌​វិជ្ជាជីវៈ​សុខាភិបាល​៕

មតិយោបល់