ភ្នំពេញៈ ដើម្បីទប់ស្កាត់ និងកាត់បន្ថយការបំពុលទឹកក្រោមដី ទឹកទន្លេ ទឹកស្ទឹង បឹង និងព្រែក ដែលជាប្រភពទឹកស្អាតសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ និងធ្វើអាជីវកម្មនោះ ក្រសួងបរិស្ថានរួម និងក្រសួងស្ថាប័នពាក់ព័ន្ធ បាននិងកំពុងពិនិត្យពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងទឹកលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ដែលនឹងអាចចេញនាចុងខែកក្កដាឆ្នាំ២០១៦នេះ។
លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានថ្លែងក្នុងឱកាសបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើកទី២ នៅចុងសប្តាហ៍ទី១នេះថា “ក្រៅពីការគ្រប់គ្រងទឹកលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ក្រសួងបរិស្ថាន និងក្រសួងពាក់ព័ន្ធបានគិតគូរផងដែរទាក់ទងនឹងវិស័យធនធានរ៉ែ កិច្ចការស្វែងរុករក និងធ្វើអាជីវកម្មរ៉ែគ្រប់ប្រភេទ ក៏ត្រូវបានពង្រឹង និងអនុវត្តដោយឈរលើស្មារតីយកចិត្តទុកដាក់ខ្ពស់ចំពោះគុណភាពបរិស្ថាន និងសុខមាលភាពរបស់ប្រជាពលរដ្ឋ នៅតាមសហគមន៍មូលដ្ឋាន”។
លោករដ្ឋមន្រ្តីបានបញ្ជាក់ថា ក្រសួងបរិស្ថាន និងក្រសួងរ៉ែ និងថាមពល បានគូសបញ្ជាក់ជាថ្មីម្តងទៀតនូវជំហររបស់ខ្លួន ដោយកំណត់យ៉ាងច្បាស់លាស់នូវរាល់អាជ្ញាប័ណ្ណស្វែងរុករក ឬធ្វើអាជីវកម្មរ៉ែ ត្រូវរៀបចំដោយឈលើលក្ខខណ្ឌ និងព័ត៌មាននានាជាមូលដ្ឋានដែលកំណត់ជាមុន ក្នុងលិខិតឯកភាពលើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានឬកិច្ចសន្យាការពារបរិស្ថាន តាមរយៈអនុក្រឹត្យស្តីពីការស្រាវជ្រាវរុករក និងអាជីវកម្មរ៉ែ ក៏ដូចជាប្រកាសអន្តរក្រសួងរវាងក្រសួងបរិស្ថាន និងក្រសួងរ៉ែ និងថាមពល ស្តីពីការកំណត់ចំណាត់ថ្នាក់គម្រោងដែលត្រូវធ្វើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម ឬកិច្ចសន្យាការពារបរិស្ថាន ក្នុងវិស័យអាជីវកម្មរ៉ែ សម្ភារៈសំណង់ និងសិប្បកម្មរ៉ែមានតម្លៃ។
ពាក់ព័ន្ធនឹងករណីខាងលើលោក ឯ វុឌ្ឍី ទីប្រឹក្សាក្រសួងបរិស្ថាន បានថ្លែងមានប្រសាសន៍ថា ពាក់ព័ន្ធនឹងករណីរោងចក្របញ្ចេញកាកសំណល់ទៅរកប្រភពទឹក ដែលបណ្តាលឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋនោះ ក្នុងករណីដែលក្រសួងបរិស្ថាន និងក្រសួងពាក់ព័ន្ធបានស្រាវជ្រាវរកឃើញថា មានប៉ះពាល់ដល់ពលរដ្ឋពិតមែននោះ ក្រសួងនឹងអាចឲ្យរោងចក្រធ្វើការផ្លាស់ប្តូរទៅទីតាំងផ្សេងដែលមិនមានប៉ះពាល់។ យ៉ាងណាលោកថា ការបង្កើតរោងចក្របានជួយលើកកម្ពស់សេដ្ឋកិច្ចសង្គម បានបង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជារាប់ម៉ឺននាក់ ជួយកាត់បន្ថយការធ្វើចំណាកស្រុកទៅការងារធ្វើ ការបរបាញ់សត្វព្រៃ ការកាប់ព្រៃឈើ និងភាពគ្មានការងារធ្វើ និងបានលើកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនបានគួរឲ្យកត់សម្គាល់ផងដែរ៕
មតិយោបល់