ព័ត៌មានជាតិ

អាសូរណាស់! ក្មេងប្រុសម្នាក់រស់នៅក្នុងមណ្ឌលអង្គការសង្គ្រោះជនអស់សង្ឃឹមត្រូវគ្រាប់កាំភ្លើង បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញ: ក្មេងប្រុសម្នាក់ អាយុ ១៤ឆ្នាំ ដែលជាសិស្ស សព្វថ្ងៃរស់នៅក្នុងមណ្ឌលសង្គ្រោះជនអស់សង្ឃឹមត្រូវ គ្រាប់កាំភ្លើងមួយគ្រាប់ចំក្បាល បណ្ដាលឲ្យស្លាប់ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៥និង៣០នាទីល្ងាចថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ ទីតាំងកន្លែងកើតហេតុសត្វនៅដីវាលក្នុង ភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។

សពក្មេងរងគ្រោះមានឈ្មោះ សារឿន ប៊ុនថា ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរជាសិស្សថ្នាក់ទី៨ នៃអនុវិទ្យាល័យបែកចាន សព្វថ្ងៃរស់នៅក្នុងមណ្ឌលអង្គការសង្គ្រោះជនអស់សង្ឃឹមនៅទីតាំងកន្លែងកើតហេតុ ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុក្មេងប្រុសរងគ្រោះ និងក្មេង ៣នាក់ទៀតកំពុងឈរលេងនៅចំណុចកើតហេតុស្របពេលនោះ ក៏ឮសូរស្នូរគ្រាប់កាំភ្លើងមួយគ្រាប់ បណ្ដាលឲ្យចំក្បាលក្មេងរងគ្រោះ បណ្ដាលឲ្យដួលរងរបួសធ្ងន់ និងស្លាប់តែម្ដង បន្ទាប់មកក៏មានគ្រាប់កាំភ្លើង៣ គ្រាប់ទៀតដែលហើរធ្លាក់នៅចំណុចកើតហេតុ ប៉ុន្តែមិនបណ្ដាលឲ្យមានអ្នករបួសឡើយ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងកន្លែងកើតហេតុ និងឃាត់ជនសង្ស័យ ២នាក់ និងកាំភ្លើងបាញ់សត្វមួយដើមស្របពេលដែលជនសង្ស័យខាងលើ កំពុងតែដើរបាញ់សត្វនៅក្បែរទីតាំងនៃកន្លែងកើតហេតុខាងលើ។

តាមការសន្និដ្ឋានជំហានដំបូង សពជនរងគ្រោះសង្ស័យត្រូវគ្រាប់កាំភ្លើង ដែលជនសង្ស័យពីរនាក់ខាងលើ កំពុងតែដើរបាញ់សត្វរួចហើយក៏ផ្លាតទៅត្រូវជនរងគ្រោះបណ្ដាលឲ្យស្លាប់តែម្ដង។

បច្ចុប្បន្នជនសង្ស័យទាំង២ នាក់ រួមទាំងវត្ថុតាងត្រូវកម្លាំងនគរបាលអធិកាដ្ឋានខណ្ឌកំបូលឃាត់ខ្លួន យកទៅសាកសួរនៅផ្នែកជំនាញ មួយជំហ៊ានសិនមុននិងកសាងសំណុំរឿង៕

មតិយោបល់