ព័ត៌មានជាតិ

(មានវីដេអូ) ប្លន់ម៉ូតូសេ១២៥មួយគ្រឿងនៅខណ្ឌឫស្សីកែវ ជិះយកទៅដោយសុវត្ថិភាព

ភ្នំពេញៈ បុរសម្នាក់ត្រូវបានក្រុមចោរមាន​ ៣នាក់​ ​មកភ្ជង់ប្លន់យកម៉ូតូ​ មួយគ្រឿង​ ទៅបាត់ដោយសុវត្ថិភាព​ កាលពីវេលាម៉ោង​៨និង០០នាទីព្រឹក​ ថ្ងៃទី​០៨ ខែកក្កដា​ ឆ្នាំ​២០១៦​ ដែលស្ថិតនៅត្រង់ចំណុចមុខបុរី​ ទួលសង្កែ​ ផ្លូវលេខ៦២​ ភូមិទួលសង្កែ​ សង្កាត់ទួលសង្កែ​ ខណ្ឌឫស្សីកែវ​។

ជនរងគ្រោះមាន​ឈ្មោះ​ កុល​ វីរៈ​ ភេទ​ប្រុស​ អាយុ​ ៣៥ឆ្នាំ​ មុខរបរ​ បើកឡាន​ ស្នាក់ផ្ទះជួល​ ភូមិត្រពាំងថ្លឹង សង្កាត់ស្ទឹងមាន ខណ្ឌមានជ័យ​​ និងមានស្រុកកំណើតនៅភូមិកំពង់ជ្រៃ ឃុំស្មាង ស្រុកទ្រាំង​ ខេត្តតាកែវ​ ម៉ូតូដែលក្រុមចោរប្លន់នោះ​ ម៉ាក​ ហុងដា​ឌ្រីម​ សេ១២៥​ ស៊េរី​២០១៥​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2364 ដោយមិនបានចាំក្បាល​ ព្រោះម៉ូតូដែលបាត់នោះ​ គឺជារបស់ប្អូន​។

ប្រភពព័ត៌មាន​ពីជនរងគ្រោះបានឲ្យដឹងថា​ នៅមុនពេលកើតហេតុ​ រូបគេបានជិះម៉ូតូចេញពីផ្ទះ​ គោលបំណងទៅដាក់ពាក្យធ្វើការនៅម្តុំបុរី​ ទួលសង្កែ​ ខណៈ​ដែលកំពុងតែជិះ ស្រាប់តែមានជនសង្ស័យ​ ៣នាក់​ បានជិះម៉ូតូ​ ២គ្រឿង​ ម៉ាក​ហុងដា​ឌ្រីម​សេ១២៥​ សេរី​២០១៥ មិនចាំស្លាកលេខ​ បានជិះមកជិតហើយ​កៀរ​រួចដកកាំភ្លើងខ្លី​ មួយដើមម៉ាក​ K59 មកភ្ជង់ឲ្យរូបគាត់​ ចុះពីលើម៉ូតូ​ ដោយមានគ្នាម្នាក់ទៀត​ បានដកកាំភ្លើង​ មួយដើមទៀតមិនចាំម៉ាក​ ហើយបានធ្វើសកម្មភាពយកម៉ូតូទៅបាត់ដោយសុវត្ថិភាព​។

គួរបញ្ជាក់ផងដែរថា​ បន្ទាប់ពីលោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បានដាក់​ចេញ​នូវ​បទបញ្ជា​ឲ្យ​មន្ត្រីនគរបាល​ទូទាំងប្រទេស​យកចិត្តទុកដាក់​ ពង្រឹង​សន្តិសុខ​សង្គម​ ។​ ​ជាក់ស្តែង​ បែរជាមានករណី​ប្លន់​ប្រដាប់នៅក្នុងមូលដ្ឋានសង្កាត់ទួលសង្កែ​ ខណ្ឌឫស្សីកែវ​ ​នៅតែ​កើតមានករណីប្លន់ប្រដាប់​ឥតឈប់ឈរ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋដែលរស់នៅ​ក្នុងមូលដ្ឋានមានការ​ព្រួយបារម្ភ​អំពី​បញ្ហា​អសន្តិសុខ​សង្គម​ ក៏ប៉ុន្តែ​ជាក់ស្តែង​អំពើ​ប្លន់​ប្រដាប់អាវុធ​នៅក្នុង​រាជធានី​ភ្នំពេញបាន និងកំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ភ័យខ្លាច​យ៉ាងខ្លាំង ហើយក៏​អំពាវនាវ​ឲ្យ​មន្ត្រី​អាជ្ញាធរ ​និង​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​មេត្តាយកចិត្តទុកដាក់​អនុវត្តន៍​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​ ៩​ចំណុច​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។ ហើយជាពិសេសទៅទៀតនោះ​ ​គឺបទល្មើស​ផ្សេងៗ​ដូចជា ករណី​ជួញដូរ​ចែកចាយ ប្រើប្រាស់​គ្រឿងញៀន និង​ល្បែងស៊ីសង​គ្រប់​ប្រភេទ ត្រូវគេ​កត់សម្គាល់ថា ​រាលដាល​កាន់តែខ្លាំង​ក្នុងខណៈដែល​សមត្ថកិច្ចមូលដ្ឋានកំពុងតែលង់លក់​ ។

គួររំលឹកផងដែរថា​ ករណីប្លន់ប្រដាប់អាវុធក្នុងខណ្ឌឫស្សីកែវនេះ​ មានជាច្រើនករណីហើយ​ ដោយមិនឃើញមានអាជ្ញាធរសមត្ថកិច្ចណាម្នាក់មានវិធានការនោះឡើយ​ ដោយទុកឲ្យក្រុមចោរទាំងនោះ​ មានសកម្មភាព​ ។

ក្រោយពីកើតហេតុ​ ជនរងគ្រោះបានត្រឹមមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ​ ដើម្បីឲ្យសមត្ថកិច្ចកំណត់មុខសញ្ញា​៕

មតិយោបល់