តាកែវៈ កម្លាំងអធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ចាប់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ ទឹម វីន ភេទប្រុស អាយុ ១៨ឆ្នាំ នៅភូមិធ្លក ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅចំណុចភូមិច្រកទ្បេក ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ តាមដីការលេខ ១៥៦/២០១៨ ចុះថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ របស់លោក អ៊ិន ម៉ានិត្យ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តតាកែវ ដែលត្រូវចោទពីបទលួចមានស្ថានទម្ងន់ទោស ប្រព្រឹត្តិនៅផ្សារគុម្ពឬស្សី ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨។
យោងតាមចម្លើយសារភាពរបស់ឈ្មោះ ទឹម វីន នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ច បានឈានទៅដល់ការឃាត់ខ្លួន ជនសង្ស័យជាច្រើននាក់ទៀត ទី១.ឈ្មោះ ទ្រេស រ៉ាវ ភេទប្រុស អាយុ ២១ឆ្នាំ នៅភូមិត្រាំខ្នារ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ទី២.ឈ្មោះ សៅ រ៉ូត ភេទប្រុស អាយុ ១៩ ឆ្នាំ រស់នៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ទី៣.ឈ្មោះ ពៀក ពុតទី ភេទប្រុស អាយុ ២១ឆ្នាំ ស្នាក់នៅភូមិត្រាំខ្នារ ឃុំសូភី ស្រុកបាទី ខេត្តតាកែវ ទី៤.ឈ្មោះ សុខ ចាន់ទ្រី ភេទប្រុស អាយុ ២០ឆ្នាំ ភូមិត្រាំខ្នារ ឃុំសូភី ស្រុកបាទីខេត្តតាកែវ ទី៥.ឈ្មោះ សួង សុបឿន ភេទប្រុស អាយុ ២៣ឆ្នាំ នៅភូមិសំរោង ឃុំសូភី ស្រុកបាទី ខេត្តតាកែវ ទី៦.ឈ្មោះ កាន់ នីម ភេទប្រុស អាយុ ២១ឆ្ណាំ នៅភូមិព្រៃក្រាយ ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ។
បច្ចុប្បន្នជនសង្ស័យទាំងអស់ ត្រូវបានឃាត់ខ្លួន នៅប៉ុស្តិ៍នគរបាល ដើម្បីសួរនាំ និងកសាងសំណុំរឿង ចាត់ការតាមនិតិវិធីច្បាប់៕
មតិយោបល់