ពោធិ៍សាត់ៈ មន្ត្រីយោធាពាក់ស័ក្កិ៤ម្នាក់ ត្រូវជនដៃដល់ជាប្អូនថ្លៃ កាប់១ពូថៅចំក្បាលបណ្តាលឲ្យស្លាប់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ បង្កឲ្យមានការភ្ញាក់ផ្អើលពេញភូមិ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៨និង១៥នាទីយប់ ថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចផ្ទះជនរងគ្រោះ និង ជនសង្ស័យ ស្ថិតក្នុងភូមិអូរអញ្ចាញ ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
លោក ឯម រុធ អធិការនគរបាលស្រុកក្រគរបានប្រាប់ឲ្យដឹងថា បុរសរងគ្រោះ ដែលត្រូវប្អូនថ្លៃកាប់១ពូថៅនោះ មានឈ្មោះ ឃុត ឃាង អាយុ៥០ឆ្នាំ ជនជាតិខ្មែរមុខរបរជាមន្ត្រីយោធាពាក់ស័ក្កិ៤ វរៈការពារព្រំដែនគោក បច្ចុប្បន្នរស់នៅភូមិឃុំកើតហេតុខាងលើ។ រីឯជនដៃដល់ជាប្អូនថ្លៃនោះ មានឈ្មោះ បាន ខ្លឹម ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិឃុំកើតហេតុជាមួយគ្នា។
លោកអធិការបានបន្តថា ជនរងគ្រោះ និង ជនដៃដល់ជាបងប្អូនថ្លៃ ដោយប្រពន្ធ និងប្រពន្ធជាបងប្អូនបង្កើតនិងគ្នា។ លោកអធិការបានបន្តទៀតថា ករណីឃាតកម្មដែលឈានដល់កាប់១ពូថៅចំក្បាលពីក្រោយ បណ្តាលឲ្យស្លាប់បងថ្លៃនេះ បណ្តាលមកពីទំនាស់ក្នុងគ្រួសារបន្តិចបន្ទួច ទើបឈានដល់យកខ្លាំងរៀងៗខ្លួន។
ក្រោយពេលកើតហេតុជនដៃដល់បានរត់គេចខ្លួនបាត់ ហើយសាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់