ព័ត៌មានជាតិ

ស្លាប់២នាក់ របួសធ្ងន់ម្នាក់ ខណៈជិះម៉ូតូបុកគ្នាពេញទំហឹង

កំពង់ធំៈ ករណី​គ្រោះថ្នាក់ចរាចរណ៍ ​​ម៉ូតូមួយគ្រឿងជិះឌុបគ្នា២នាក់ ​បើកលឿន​ដូចព្យុះ ​ជ្រុលទៅបុក​ម៉ូតូសណ្តោងរ៉ឺម៉ក លាន់ដូចរន្ទះ បណ្តាល​ឲ្យ​មនុស្ស២នាក់​ស្លាប់​ និងរបួសធ្ងន់ម្នាក់ ​កាលពីវេលា​ម៉ោង៨និង២០​នាទីយប់​ ​ថ្ងៃទី៧ ខែ​កក្កដា ​ឆ្នាំ២០១៦ ​ នៅលើ​ផ្លូវជាតិ​លេខ៦ ចំណុច​ភូមិ​ឫស្សី​ជៈ ឃុំ​ត្បែង ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ។

ប្រភព​ឲ្យដឹងថា​ ហេតុការណ៍​ខាងលើនេះ អ្នកជិះម៉ូតូម៉ាកវេវអ៊ី មួយគ្រឿង ឌុបគ្នា២នាក់ ពណ៌​ត្រួយ​ចេក​ ពាក់​ស្លាក​លេខ​ សៀមរាប​1B- 8459 ​ឈ្មោះ ​ញ៉​ក់ ចេ​ន ភេទ​ប្រុស អាយុ៣៣ឆ្នាំ​ រស់​នៅ​ភូមិ​ឫស្សី​ដួច ​ឃុំ​សាលា​វិស័យ​ ស្រុក​ប្រាសាទ​ប​ល្ល័​ង្គ (ស្លាប់​នៅហ្នឹង​​កន្លែងកើតហេតុ) អ្នករួមដំណើរ​ឈ្មោះ​ គៀ​ម ហាវ ភេទ​ប្រុស អាយុ៦៧ឆ្នាំ(ស្លាប់​នៅ​មន្ទី​ពេទ្យ)។ ចំណែក​អ្នក​បើកម៉ូតូ​​សេ១០០ ពណ៌​ព្រីង​ទុំ ​គ្មាន​ស្លាក​លេខ​ ​ឈ្មោះ ភឹម ឆើត ភេទ​ប្រុស​អាយុ២៥ឆ្នាំ​ រស់​នៅ​ភូមិ​ប្រាសាទ ឃុំ​ត្រពាំង​ឫស្សី ស្រុក​កំពង់ស្វាយ(របួសធ្ងន់)។

ប្រភពបន្តថា​​ តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ដែលបានចុះទៅធ្វើកំណត់ហេតុ បានបញ្ជាក់ថា មូលហេតុបើកបញ្ច្រាសទិសគ្នា ដោយមិនប្រកាន់ស្តាំរបស់អ្នកបើកម៉ូតូសណ្តោងរ៉ឺម៉ក។

បច្ចុប្បន្ន​ ​សមត្ថកិច្ច​ជំនាញ​កសាង​​សំណុំរឿងដោយ​​ប្រមូលយក​វត្ថុតាង​ មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ស្វាយ ដើម្បីឲ្យសាច់ញាតិជនរងគ្រោះ ចូលមកដោះស្រាយតាមនិតិវិធី៕

មតិយោបល់