បាត់ដំបង ៖ ជនសង្ស័យចំនួន៣នាក់ ដែលសុទ្ធសឹងតែជាខ្សែស្រឡាយនឹងគ្នា ហើយមានមុខរបរបើកទី តាំងបញ្ចាំរបស់ ត្រូវបានកំលាំងកងរាជអាវុធហត្ថខេត្ត ដែលដឹកនាំដោយលោកព្រះរាជអាជ្ញារង ចុះឆែកឆេរ និងធ្វើការឃាត់ខ្លួន បន្ទាប់ពីកម្លាំងបានរកឃើញ នូវគ្រឿងញៀនមួយចំនួនដែលក្រុមនេះ បានលាក់ទុកក្នុងផ្ទះរបស់គេ ។
កិច្ចប្រតិបត្តិការនេះ គឺយោងទៅលើពាក្យបណ្តឹងមួយចំនួនរបស់ជនរងគ្រោះ ទើបនៅវេលាម៉ោង១២និង៣០ នាទីថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០១៦ កម្លាំងមន្ទីរយុត្តិធម៌ នៃទី បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោក ហេង លុយ ព្រះរាជអាជ្ញារងខេត្តបាត់ដំបង បានចុះទៅដល់លំនៅឋានរបស់ឈ្មោះ គឹម លី អាយុ ៣៥ ឆ្នាំ និងប្រពន្ធឈ្មោះ ទិត្យ ដាឡែន អាយុ ២៣ ឆ្នាំ ដែលពួកគេមាន មុខរបរ ទទួលបញ្ចាំ ។
គួរបញ្ជាក់ថា ទីតាំងដែលកម្លាំងបានចុះទៅធ្វើការឆែកឆេរនេះគឺស្ថិតក្នុងភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។ ក្នុងនោះកម្លាំង បានឆែកឆេរ រកឃើញគ្រឿងញៀន ប្រភេទម៉ាទឹកកក ១ កញ្ចប់ ទម្ងន់ ៧៥,៣៥ ក្រាម និងជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួនមួយ ។
ក្រោយពីបានធ្វើការឆែកឆេរ ព្រមទាំងបានរកឃើញនូវវត្ថុតាងរួចមកកម្លាំងកងរាជអាវុធហត្ថ បានឃាត់ខ្លួនជនទាំងពីរនាក់ដែលជាអ្នកបើកមុខរបរទទួលបញ្ចាំរបស់ ព្រមទាំងបងថ្លៃ ម្នាក់ទៀត ឈ្មោះ ទិត្យ ប៉ូលីន ភេទប្រុស អាយុ២៦ឆ្នាំ ដែលជាជនរួមគំនិតក្នុងការប្រកប មុខរបរចែកចាយគ្រឿងញៀននេះ ។
លោកវរសេនីយ៍ត្រី សូ ឌី ប្រធានមន្ទីរយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានមានប្រសាសន៍ថា ទីតាំងខាងលើនេះ គឺកម្លាំងបានតាមដាន និងស្រាវជ្រាវជាយូរមកហើយ ប៉ុន្តែវាគ្មានឱកាសទាល់តែសោះ លុះដោយមានការសង្ស័យកាន់តែច្បាស់ខ្លាំងឡើងទើប លោកបានសុំគោលការទៅលោកព្រះរាជអាជ្ញារង ហេង លុយ ដើម្បីសុំឲ្យលោកចូលរួម ដឹកនាំកម្លាំងក្នុងការចុះឆែកឆេរលំនៅឋានខាងលើ នៅទីបំផុតគឺសម្រេច បានជោគជ័យមែន ។ បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវបានកម្លាំង ជំនាញរៀបចំ ឯកសារដើម្បីបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ចាត់ការទៅតាមផ្លូវច្បាប់ ៕
មតិយោបល់