ព័ត៌មានជាតិ

យុវជនប្រុសស្រី ៤នាក់ ជិះម៉ូតូ២គ្រឿង ត្រូវក្មេងស្ទាវមួយក្រុមមានគ្នាជាង១០នាក់ ស្ទាក់វាយបម្រុងប្លន់យកម៉ូតូ តែត្រូវសមត្ថកិច្ចឃាត់បាន២នាក់

ភ្នំពេញៈ យុវជនប្រុសស្រី៤នាក់ បានជិះម៉ូតូ២គ្រឿង បំណងទៅលេងស្រុកកំណើត នៅខេត្តកំពត តែដល់ត្រង់ចំណុចរង្វង់មូលចោមចៅ ក្នុងសង្កោត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ស្រាប់តែត្រូវក្មេងស្ទាវមួយក្រុមមានគ្នាជាង១០នាក់ ជិះម៉ូតូមកវាយបណ្ដាលឲ្យរបួសស្រាល បម្រុងប្លន់យកម៉ូតូ តែត្រូវសមត្ថកិច្ចឃើញ ក៏ដេញឃាត់ខ្លួនបាន២នាក់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២ និង១៥នាទីរំលងអធ្រាត្រ ឈានចូលនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ ។

តាមសម្ដីជនរងគ្រោះ បានប្រាប់ថា មុនពេលកើតហេតុ ពួកគេមានគ្នា៤នាក់ បានជិះម៉ូតូ២គ្រឿង ធ្វើដំណើរចុះពីស្ពានព្រែកតាមាក់ ឆ្ពោះទៅលេងស្រុកកំណើតនៅខេត្តកំពត ខណៈកំពុងធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ត្រង់ចំណុចរង្វង់មូលចោមចៅ (ចំណុចកើតហេតុ) ក៏មានក្មេងស្ទាវមួយក្រុមមានគ្នាជាង១០នាក់ បានជិះម៉ូតូ៤គ្រឿង តាមមកពីក្រោយ ហើយបានធ្វើសកម្មភាព វាយយុវជន២នាក់បណ្ដាលឲ្យរងរបួស រួចបម្រុងប្លន់យកម៉ូតូ តែត្រូវជនរងគ្រោះ ដកសោម៉ូតូចេញនិងគេចខ្លួន ចំណែកឯនារី២នាក់ ត្រូវជាបងស្រីជនរងគ្រោះឃើញដូចនេះ បានទាក់ទងទៅខាងសមត្ថកិច្ច រួចក៏បានធ្វើការឡោមព័ន្ធ ស្ទាក់ចាប់បាន២នាក់ រួមទាំងម៉ូតូ១គ្រឿងម៉ាក ស៊ុយស៊ុគី ឡេត ។

ក្រោយពីបានឃាត់ខ្លួនជនសង្ស័យខាងលើរួចហើយ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យ និងជនរងគ្រោះ មកកាន់ប៉ុស្ដិ៍នគរបាលចោមចៅ៣ ដើម្បីធ្វើការសាកសួរ និងអនុវត្តន៍តាមនីតិវិធី៕

មតិយោបល់