ព័ត៌មានជាតិ

ក្រសួងសាធារណការ នឹងដាក់ជញ្ជីងចល័តថ្លឹងរថយន្តនៅនៅផ្លូវសំខាន់ៗ រួមទាំងតាមច្រកដែលគេចពីជញ្ជីង

ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសថា នឹងដាក់ក្រុមជញ្ជីងចល័តថ្លឹងរថយន្តដឹកទំនិញនៅតាមគោលដៅសំខាន់ៗ និងនៅតាមផ្លូវដែលអ្នកបើកបររថយន្តដឹកទំនិញទាំងនោះ បើកគេចវេសមិនចូលស្ថានីយ៍ថ្លឹងយានយន្ត ប្រយោជន៍ដើម្បីការពារផ្លូវថ្នល់ឲ្យមានភាពស្ថិតស្ថេរ គង់វង្ស និងជាប់រឹងមាំ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញនៅថ្ងៃទី០៨ ខែកក្កដានេះ បានឲ្យដឹងថា ការដឹកជញ្ជីងចល័តដើម្បីថ្លឹងយានយន្តដឹកទំនិញនេះ គឺនឹងធ្វើឡើងនៅតាមគោលដៅដូចជា នៅមជ្ឈមណ្ឌលឃ្លាំងទំនិញ រោងចក្រផលិតសម្ភារៈធ្ងន់ៗ កសិដ្ឋាននានានៅរដូវប្រមូលផល កាដ្ឋានផលិតថ្ម ដើម្បីត្រួតពិនិត្យថ្លឹងទម្ងន់ដឹកជញ្ជូនមុននឹងចេញធ្វើចរាចរណ៍នៅលើបណ្តាញផ្លូវថ្នល់ ឬតាមផ្លូវវាងសំខាន់ៗដែលអ្នកបើកបររថយន្តដឹកទំនិញលើសទម្ងន់បានបើកគេចវេសមិនចូលស្ថានីយ៍ថ្លឹងយានយន្ត។

សេចក្តីជូនដំណឹងដដែលបានឲ្យដឹងបន្ត ដោយរំលឹកដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនធុនធ្ងន់ ឬអ្នកបើកបររថយន្តធុនធ្ងន់ និងសាធារណជនទាំងអស់ ឲ្យចូលរួមអនុវត្តវិធានការនេះ ជាងនេះទៅទៀត ប្រសិនបើមានករណីមន្រ្តីក្រោមឱវាទក្រសួងអនុវត្តមិនបានត្រឹមត្រូវតាមច្បាប់ ទោះក្នុងរូបភាពណាក៏ដោយដូចជា ទារលុយ ឬដាក់ខែបង់លុយ ជាថ្នូរនឹងការបណ្តែតបណ្តោយឲ្យប្រព្រឹត្តបទល្មើសដឹកជញ្ជូនលើសទម្ងន់ គឺអាចទូរស័ព្ទទៅលេខ ០២៣ ៤២៦ ១៥៧ ឬតាមរយៈ Facebook ដែលមានអាសយដ្ឋាន www.facebook.com/mpwt.gov.kh.
សូមជំរាបផងដែរថា គម្រោងនៃការដាក់ជញ្ជីងចល័តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅតាមផ្លូវដឹកជញ្ជូនសំខាន់ៗនេះ គឺក្នុងគោលបំណងការពារទ្រព្យសម្បត្តិសាធារណៈ ផ្លូវថ្នល់ ស្ពាន ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ផ្លូវថ្នល់ផ្សេងទៀតឲ្យមានចីរភាព ស្ថិតស្ថេរ គង់វង្ស និងជាប់រឹងមាំតាមអាយុកាល បច្ចេកទេសកំណត់ស្របតាមកម្រិតស្តង់ដារនៃការសាងសង់ ក៏ដូចជាចូលរួមចំណែកកាត់បន្ថយការចំណាយថវិកាជាតិក្នុងការជួសជុលថែទាំហេដ្ឋានរចនាសម្ព័ន្ធទាំងនោះឡើងវិញ ដែលខូចមុនកាលកំណត់៕

មតិយោបល់