ព័ត៌មានជាតិ

សន្តិសុខក្រុមហ៊ុន ខុនដូ យូអេស ៩៩៩ សេពគ្រឿងញៀន ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញៈ កាលពីវេលាម៉ោង១ និង១៥នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ ជនសង្ស័យគ្រឿងញៀនម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅចំណុចអាគាខុនដូ យូអេស ៩៩៩ជាន់ទី៧ បន្ទប់លេខ៧០២ តាមបណ្តោយផ្លូវ៥៩២ កែងនិងផ្លូវ៥៩៥ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក។

ជនសង្ស័យខាងលើឈ្មោះ វណ្ណ ចាន់ណា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរសន្តិសុខរបស់ក្រុមហ៊ុន ខុនដូ យូអេស ៩៩៩ ស្នាក់នៅម្តុំវិមានឯករាជ្យ មានស្រុកកំណើត​​ ឃុំល្វេរ ស្រុកកោះសូទិន ខេត្តកំពង់ចាម។

តាមការរៀបរាប់ពីស្ត្រីម្នាក់ ជាម្ចាស់បន្ទប់នៅខុនដូ យូអេស ៩៩៩ បានឲ្យដឹងថា មុនកើតហេតុរូបគាត់ បានចូលដេកក្នុងបន្ទប់ ស្រាប់តែឮសំទ្បែងជនសង្ស័យស្រែកឡូឡា ក៏ដើរមកបើកទ្វារមើល ចំពេលជនសង្ស័យខាងលើ បម្រុងរត់ចូលក្នុងបន្ទប់គាត់ ធ្វើឲ្យមានការផ្អើលឆោឡោ ដល់បន្ទប់ជិតខាងចេញមកអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យ និងរាយការណ៍ប្រាប់សមត្ថកិច្ច។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឆ្លើយសារភាពថា គាត់វេនត្រូវយាមពេលថ្ងៃនៅទីតាំងខាងលើ ចូលម៉ោង១២ថ្ងែត្រង់ ចេញវិញម៉ោង១០យប់ កន្លងមកគាត់ធ្លាប់ប្រើប្រាស់ថ្នាំញៀន ​តែមួយរយៈពេលចុងក្រោយនេះ ខានប្រើប្រាស់យូរ ទើបសម្រេចចិត្តទិញវា ពីអ្នកស្គាល់គ្នាម្នាក់ ក្នុងតម្លៃ២ម៉ឺនរៀល យកមកប្រើប្រាស់មុនពេលចូលយាម។

ក្រោយប្រើប្រាស់រួច គាត់ក៏បានមកយាមដូចធម្មតា តែដល់ម៉ោងត្រូវចេញ គាត់មិនបានទៅផ្ទះទេ ដោយនៅអង្គុយលេងទីនោះ​ស្រាប់តែឮសំទ្បេងអ្នកក្បែរខាងថា ចាប់ខ្លួនយកទៅពិនិត្យទឹកនោម ធ្វើឲ្យគាត់មានការភ័យស្លន់ស្លោ ទើបរត់ឡើងទៅជាន់ទី៧ បន្ទប់ លេខ៧០២ បម្រុងចូលឲ្យគេជួយ ស្រាប់តែឃើញម្ចាស់បន្ទប់គេឃើញ ឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីចាត់ការបន្ត តាមនីតិវិធីច្បាប់៕

មតិយោបល់