ពោធិ៍សាត់ៈ គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តស៊ាំយ៉ុងមួយគ្រឿង បើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយត្ន័ ទៅបុកម៉ូតូសណ្តោងរម៉កយ៉ាងពេញទំហឹង បណ្តាលឲ្យម៉ូតូប៉ើងធ្លាក់ពីលើដងផ្លូវ មនុស្សប្រុសស្រី៧នាក់រងរបួសធ្ងន់និងស្រាល។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទី ព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុច ចន្លោះគីឡូម៉ែតលេខ១៣៥-១៣៦ ភូមិក្បាលដំរី ឃុំអន្សាចំប៉ក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គរបានឃើញរថយន្តមួយគ្រឿងម៉ាកស៊ាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AJ-0437 ជាប្រភេទរថយន្តរត់តាក់ស៊ី ពីគាស់ក្រឡ ទៅភ្នំពេញ បើកបរក្នុងល្បឿនលឿន ទិសដៅពីលិចមកកើត លុះបានមកចំណុចកើតហេតុ ស្រាប់តែជ្រុលចង្កូតទៅបុកម៉ូតូសណ្តោងរម៉កដែលកំពុងបើកបត់ឆ្វេងយ៉ាងពេញទំហឹង បណ្តាលឲ្យម៉ូតូប៉ើងខ្ទាតធ្លាក់ពីលើដងផ្លូវបណ្តាលឲ្យស្ត្រី៣នាក់រងរបួសធ្ងន់ បុរស៣នាក់របួសស្រាល និងបុរសម្នាក់ទៀតស្លាប់បាត់បង់ជីវិត។
ក្រោយពីហេតុការណ៍នេះបានកើតឡើង សមត្ថកិច្ចបានចុះមកធ្វើការពិនិត្យនិងវាស់វែងដល់កន្លែងកើតហេតុ និងបញ្ជូនជនរងគ្រោះដែលរងរបួសធ្ងន់ទាំង៦នាក់ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ចំណែកជនរងគ្រោះដែលស្លាប់ សមត្ថកិច្ចកំពុងស្រាវជ្រាវរកក្រុមគ្រួសារ រីឯម៉ូតូនិងរថយន្តបង្ក ត្រូវបានសមត្ថកិច្ចអូសយករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកក្រគររង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់៕
មតិយោបល់