ព័ត៌មានជាតិ

អុញនោះ!ថ្មីចែស ម្តាយក្មេក និង កូនប្រសារ សហការគ្នាជួញដូរ ចែកចាយគ្រឿងញៀនយ៉ាងសកម្ម នៅបន្ទាយជ័យ

បន្ទាយមានជ័យ​​​: ដើម្បីឲ្យភូមិ ឃុំ មានសុវត្ថិភាព បញ្ចៀសបញ្ហាគ្រឿងញៀនលួច ឆក់ ប្លន់ និងអំពើហិង្សាផ្សេងៗ លោក អាត់ ខែម ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ តែងតែក្រើនរំលឹកដល់ គ្រប់ថ្នាក់ដឹកនាំ អធិការដ្ឋាន មេបញ្ជាការដ្ឋាន ប៉ុស្តិ៍រដ្ឋបាល និងប៉ុស្តិ៍ការពារព្រំដែន ត្រូវតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការស៊ើបអង្កេត តាមវិធានការជំនាញ ចំពោះបទល្មើសគ្រឿងញៀន។ ជាលទ្ធផល នៅថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០១៩ នៅវេលាម៉ោង ១០និង២០នាទីព្រឹក កម្លាំងនគរបាលស្រុកថ្មពួក ដឹកនាំដោយ លោក សៅ សារឿន អធិការដ្ឋាននគរបាលស្រុក បានធ្វើការពួនស្ទាក់ឃាត់ចាប់បានមុខសញ្ញាចែកចាយគ្រឿងញៀនប្រុស ស្រីចំនួន៤នាក់ និងដកហូតវត្ថុតាង ជាបន្តបន្ទាប់។

តាមលោក សៅ សារឿន អធិការដ្ឋាននគរបាលស្រុកថ្មពួក បានឲ្យដឹងថា: ដំបូងកម្លាំងនគរបាល បានធ្វើការឃាត់ មុខសញ្ញាចែកចាយគ្រឿងញៀនបានម្នាក់ នៅចំណុចខាងកើតភូមិអូរកំបុត ចុះពីផ្លូវជាតិលេខ៥៨ (ផ្លូវព្រំដែន) ផ្លូវចូលទៅបឹងអំពិលចម្ងាយ២,០០០ម៉ែត្រ ឈ្មោះ គឹម ឡុង ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិបន្ទាយមានរឹទ្ឋ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ក្នុងនោះ ឆែកឆេររកឃើញថ្នាំញៀនចំនួន១៩គ្រាប់ ដែលមានអក្សរWY ដែលជនសង្ស័យរុំស្កុតពណ៌ខ្មៅទំលាក់នៅក្បែរខ្លួន។ ក្រោយពីធ្វើការចាប់ឃាត់ខ្លួន និងសាកសួរចម្លើយ ជនសង្ស័យបានឆ្លើយសារភាពថាខ្លួនជាអ្នកដឹកជញ្ជូនចែកចាយឲ្យម្តាយក្មេករបស់គេ ឈ្មោះ ចាន់ ទូច រស់នៅភូមិបន្ទាយមានរឹទ្ធិ ឃុំគោករមៀត ស្រុកថ្មពួក ។ ក្រោយមកក៏បានស្នើសុំយោបល់ពីលោកឧត្តមសេនីយ៍ស្នងការ និងមានការសម្របសម្រួល ពីស្ថាប័នអយ្យការអមសាលាដំបូងខេត្ត កម្លាំងជំនាញរបស់ស្រុក ក៏បានធ្វើការឆែកឆេរនៅផ្ទះជនសង្ស័យដែលជាម្តាយក្មេក ដើម្បីស្រាវជ្រាវបន្ត លុះដល់ម៉ោង ១១ព្រឹកកម្លាំងយើងបាន ឃាត់ខ្លួនស្ត្រីជាម្តាយក្មេកឈ្មោះ ចាន់ ទូច ភេទស្រី អាយុ៥១ ឆ្នាំ រស់នៅភូមិបន្ទាយមារឹទ្ឋ ឃុំគោករមៀត ស្រុកថ្មពួក ដោយឆែកឆេររកឃើញវត្ថុតាងថ្នាំញៀនដែលមានអក្សរWYចំនួន៤៣គ្រាប់ ពណ៌លឿងចំនួន ០២គ្រាប់ ច្រកដបកប់នៅនឹងគុម្ពចេកចម្ងាយពីផ្ទះ៥០ម៉ែត្រ។ ជាមួយគ្នានោះដែរកម្លាំងនគរបាលស្រុក ក៏បានបន្តស្រាវជ្រាវរកបក្ខពួកទៀត ទៅតាមចម្លើយសារភាពរបស់ជនសង្ស័យ លុះដល់វេលាម៉ោង ១និង៣០នាទីរសៀល កម្លាំងយើងបានបន្តឃាត់មុខសញ្ញាចែកចាយ និងប្រើប្រាស់បានចំនួន ២ នាក់ទៀត នៅចំណុចភូមិតាម៉ាំង ឃុំគោករមៀត មានឈ្មោះ គឹម ចាន់នូ ភេទស្រី អាយុ១៦ឆ្នាំ រស់នៅភូមិតាម៉ាំង ឃុំគោករមៀត ដកហូតវត្ថុតាងថ្នាំញៀនមានអក្សរWYចំនួន០៧គ្រាប់ លាក់ទុកក្នុងដបជ័រ ដាក់នៅគ្រែដេកមុខផ្ទះអ៊ុស្រីឈ្មោះ មឿន (រក្សាទុកឲ្យអ៊ុស្រីដែលអ៊ុផ្ញើទុក) ភូមិតាំង ឃុំគោករមៀត និងម្នាក់ទៀត ឈ្មោះ រឹត សីលា ភេទប្រុស អាយុ២៥ឆ្នាំ ដកហូតវត្ថុតាងថ្នាំញៀនមានអក្សរWYចំនួន០៣គ្រាប់ និងម្សៅក្រាមសថ្លាមួយកញ្ចប់តូច ដែលជនសង្ស័យរក្សាទុកនៅនឹងហោប៉ៅខោខាងស្តាំ ។

លោកអធិការនគរបាលស្រុកថ្មពួក បានបញ្ជាក់ថា ជនសង្ស័យ ប្រុស ស្រី ទាំង៤នាក់ និងវត្ថុតាងថ្នាំញៀនមេតំហ្វេតាមីនប្រភេទ មានអក្សរ WY សរុបចំនួន៧២គ្រាប់ និងថ្នាំញៀនប្រភេទម្សៅ ពណ៌សថ្លា១កូនថង់តូច ទូរស័ព្ទដៃ២គ្រឿង ដែកកេះ៣ បញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីរៀបចំសំណុំរឿងបន្តតាមនិតិវិធីច្បាប់៕

មតិយោបល់