បន្ទាយមានជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ជនសង្ស័យម្នាក់ត្រូវនគរបាលស្រុកភ្នំស្រុក សហការជាមួយនគរបាលស្រុកក្រឡាញ់ស្រាវជ្រាវនឹងឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពលួចម៉ូតូពីស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ទៅផ្ទះរបស់ខ្លួននៅស្រុកក្រឡាញ់ ខេត្តសៀមរាប ។
លោកវរសេនីយ៍ទោ ប៉ិក គឹមហ៊ាក អធិការនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា ជនសង្ស័យមាន ឈ្មោះឆន ពិសិទ្ធ (ហៅរ៉ា) ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិកំពង់ថ្កូវ២ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប ។ ជននេះធ្លាប់ធ្វើជាបុគ្គលិកហាងមីហឹរ នៅស្រុកភ្នំស្រុក តែដោយម្ចាស់ហាងគេពិនិត្យមើលអត្តចរិកឃើញថា មនុស្សមិនល្អ គេក៏បញ្ឈប់ឲ្យធ្វើការងារ ។ ក្រោយពីគ្មានការងារធ្វើ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ ២០២២ ជននេះបានសុំម្ចាស់ផ្ទះមានឈ្មោះ ស៊ុច សម្បត្តិ ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិមាត់ស្រះ ឃុំស្រះជីក ស្រុកភ្នំស្រុក ដែលនៅក្បែរហាងមីហឹរនោះស្នាក់នៅបណ្តោះអាសន្ន រយៈពេល០៤ថ្ងៃ ។ លុះដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង០៥ព្រឹក ម្ចាស់ផ្ទះឈ្មោះ ស៊ុច សម្បត្តិ ក្រោកពីដេក បានហៅរកឈ្មោះ ឆន ពិសិទ្ធ(ហៅរ៉ា)តែរកមិនឃើញ ដោយមានការសង្ស័យ ម្ចាស់ផ្ទះក៏ដើរទៅរកម៉ូតូស្រាប់តែបាត់ម៉ូតូ ម៉ាកហុងដាទ្រីម សេរី២០២២ ពណ៍ខ្មៅ ពាក់ស្លាកលេខប-មានជ័យ 1X-9041 ។
លោកអធិការបានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មាននិងបណ្តឹងម្ចាស់ម៉ូតូ និងដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងជំនាញព្រហ្មទណ្ឌ ដឹកនាំដោយ លោកវរសេនីយ៍ត្រី ឡុង ស៊ីដេត អធិការរងនគរបាលស្រុកភ្នំស្រុក បានចុះប្រតិបត្តិការដោយសហការជាមួយ ស្រាវជ្រាវនឹងឈានដល់ការឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងម៉ូតូដែលជនសង្ស័យបានលួច យកមកធ្វើការសួរនាំនៅអធិការដ្ឋាននគរបាលស្រុភ្នំស្រុក ។
លោកវរសេនីយ៍ទោ ប៉ិក គឹមហ៊ាក បានបញ្ជាក់ថា៖ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា គេពិតជាបានធ្វើសកម្មភាពលួចម៉ូតូរបស់ឈ្មោះ ស៊ុច សម្បតិ្តនោះមែន ក្រោយពីលួចបានគេជិះទៅផ្ទះ ហើយធ្វើការដោះដូរកង់ដាក់កាំបន្ទះ ដូរគ្រាប់សោរកុងតាក់ និងដោះស្លាកលេខចេញ ។
ដោយផ្អែកទៅលើចម្លើយសារភាព និងដកហូតវត្ថុតាងជាក់ស្តែង កម្លាំងនរបាលជំនាញផ្នែកព្រហ្មទណ្ឌ បានរៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីអនុវត្តបន្តតាមនីតិវិធី ។ ចំណែកម៉ូតូក៏បានធ្វើការប្រគល់ជូនម្ចាស់ដើមវិញ ៕
មតិយោបល់