ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នគរបាលខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួចខ្សែដៃមាស នៅផ្ទះលេខ៥២ ផ្លូវ៦២២ ភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១១និង០០នាទី។
ជនរងគ្រោះឈ្មោះ គីម ណយ ភេទស្រី អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់គ្រឿងអលង្ការ ស្នាក់នៅផ្ទះកើតហេតុ។ ជនសង្ស័យឈ្មោះ ទួន ភា ភេទស្រី អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិថ្មី សង្កាត់សេរីភាព ក្រុងតាខ្មៅ ខេត្តកណ្តាល។
កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១១និង០០នាទី ជនរងគ្រោះកំពុងលក់គ្រឿងអលង្ការនៅផ្ទះកើតហេតុ ស្រាប់តែជនសង្ស័យដើរចូលមកធ្វើជារកទិញគ្រឿងអលង្ការពីជនរងគ្រោះ រួចឲ្យជនរងគ្រោះយកខ្សែដៃមាស១ខ្សែ ទម្ងន់២ជី មកមើល ជនសង្ស័យក៏យកខ្សែដៃមាសជនរងគ្រោះមកពាក់ដៃ“ល”មើល ពេលនោះជនរងគ្រោះរវល់លក់ភ្លេចខ្លួន ជនសង្ស័យក៏ដោះខ្សែដៃមាសកាន់ក្តាប់ជាប់ដៃខាងឆ្វេងដើរចេញគេចខ្លួនបានបន្តិច ក៏ត្រូវបានជនរងគ្រោះក្រឡេកឃើញស្រែក ចោរៗ រួចឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាងខ្សែដៃមាសខាងលើប្រគល់ឲ្យសមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ៕
មតិយោបល់