ភ្នំពេញៈ ស្ត្រីម្នាក់បើករ៉ឺម៉កកង់បី រអិលប៉ះរថយន្តបន្តិច ស្រាប់តែរ៉ឺម៉កកង់មួយគ្រឿងទៀត ជ្រុលប៉ះរ៉ឺម៉កកង់ពីក្រោយ បណ្តាលឲ្យប៉ះរថយន្តខាងមុខផ្នែកខាងស្តាំ រងការខូចខាត កាលពីវេលាម៉ោង៣រសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ត្រង់ចំណុចលើផ្លូវបេតុងខាងលិចស្ពានបាឡេ ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។
រ៉ឺម៉កកង់មួយគ្រឿងដឹកបន្លែ បើកដោយស្ត្រីម្នាក់ និងរ៉ឺម៉កកង់មួយគ្រឿងទៀត បើកដោយបុរសម្នាក់។ ចំណែករថយន្តម៉ាកហាយឡាក់វីហ្គោ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2Z 2236 បើកដោយបុរសវ័យចំណាស់ម្នាក់។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ មានរ៉ឺម៉កកង់មួយគ្រឿងដឹកបន្លែ បើកដោយស្ត្រីម្នាក់ ធ្វើដំណើរចុះពីស្ពាលបាឡេពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ បានរអិលប៉ះរថយន្តខាងលើបន្តិច ស្រាប់តែរ៉ឺម៉កមួយគ្រឿងទៀត បើកដោយបុរសម្នាក់ បានរអិលជ្រុលមកប៉ះរ៉ឺម៉កស្ត្រីខាងលើពីក្រោយ ក៏ទៅប៉ះរថយន្តបណ្តាលឲ្យរងការខូចខាត។
ក្រោយពេលកើតហេតុភាគីខាងរថយន្តសុខចិត្ត ទទួលយកសំណង់១៥០ដុល្លារ ទៅជួសជុលរថយន្តពីភាគីរ៉ឺម៉កទាំង២គ្រឿង ដើម្បីបញ្ចប់រឿង៕










មតិយោបល់