បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា អនុវត្តដីកាឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទរំលោភសេពសន្ថវៈ ជាមួយអនីតិជន ស្ថិតនៅបរិវេណផ្សារទំនើបឧកញ៉ាភួពុយ ចំណុចការដ្ឋានសាងសង់ផ្ទះល្វែង ស្ថិតនៅក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ហេតុការណ៍ឃាត់ខ្លួន ធ្វើឡើងកាលពី ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ១០ និង៥០នាទី។
យោងតាមរបាយការណ៍របស់ កម្លាំងជំនាញ នៃការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ផ្នែកអនុវត្តដីកា នៃស្នងការដ្ឋាននគរបាលខេត្ត បានចុះអនុវត្តដីកាបង្គាប់ឲ្យនាំខ្លួនលេខ ៤៣ ត/ព្រ ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ របស់ចៅក្រមស៊ើបសួរ ជុំ.សង្វា នៃសាលាដំបូងខេត្តបាត់ដំបង ឲ្យនាំខ្លួនឈ្មោះ ព្រឿង.សុវណ្ណ ភេទប្រុស អាយុ ៣៩ឆ្នាំមានទីលំនៅភូមិស្វាយជ្រុំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ពីបទរួមភេទជាមួយអនីតិជនអាយុក្រោម ១៥ឆ្នាំ ប្រព្រឹត្តនៅចំណុចភូមិស្វាយជ្រុំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង កាលពីអំឡុងឆ្នាំ ២០១៦។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
មតិយោបល់