ព័ត៌មានជាតិ

Update៖ នារីស្រស់ស្អាតម្នាក់ សង្ស័យមានវិបត្តិស្នេហា មកលោតទឹកសម្លាប់ខ្លួន ដោយដៃកាន់រូបថតខ្លួននិងគូស្នេហ៍

ភ្នំពេញ: នារីរូបស្រស់ស្អាត់ម្នាក់ សង្ស័យមានវិបត្តិស្នេហា បានកាន់រូបថតមួយសន្លឹក ដែលមានរូបខ្លួន និងគូស្នេហ៍ មកលើស្ពានជ្រោយចង្វារថ្មី ហើយក៏លោតទឹកសម្លាប់ខ្លួនតែម្ដង ដោយភ្លាមៗនោះ ត្រូវអ្នកនេសាទជួយស្រង់សង្គ្រោះទាន់។

ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង១២ និង៤០នាទីថ្ងៃត្រង់ថ្ងៃទី២៧ ខែកុម្ភ:​ ឆ្នាំ ២០១៩ នៅគល់ស្ពានជ្រោយចង្វារខាងកើត ក្នុងសង្កាត់ជ្រោយ ចង្វារខណ្ឌជ្រោយចង្វារ។

ជនរងគ្រោះ មិនទាន់ស្គាល់អត្តសញ្ញាណ មានអាយុប្រហែលជាង២០ ឆ្នាំ ពាក់អាវយឺតពណ៌លឿងដៃខ្លី ខោជើងវែងពណ៌ខៀវ មានរូបតុកត្តាពណ៌ស ត្រូវប្រជាពលរដ្ឋជួយស្រង់មកសង្គ្រោះ នៅត្រើយខាងលិច ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

តាមប្រភពព័ត៌បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេមិនដឹងថា នារីរូបនោះធ្វើដំណើរឡើងស្ពានពីទិសពីណាទេ នៅពេលមកដល់ស្ពាន ក៏លោតចុះទៅក្នុងទន្លេតែម្តង។ ដោយភ្លាមៗ អ្នកទូកនេសាទឃើញ ក៏ចេញទូកជួយស្រង់សង្គ្រោះ នាំយកមកគល់ស្ពានខាងលិច ទាំងនារីនោះសន្លប់នៅឡើយ ហើយឲ្យប្រជាពលរដ្ឋផ្សេងទៀត ជួយធ្វើចលនា ទើបដឹងខ្លួន ស្រែកថា អូយ ហើយក៏បាត់មាត់ឈឹង។

នៅជាប់ដៃនាង គេឃើញមានកាន់រូបថតមួយសន្លឹក ដែលមានរូបបុរសម្នាក់ និងរូបនាងថតកៀកកើយ ជាមួយគ្នា គេសង្ស័យថា អ្នកទាំង២ជាគូស្នេហ៍និងគ្នា ហើយប្រហែលជាខាងបុរសនោះ សុំនាងបែក ឬមានស្រីថ្មីទៀត ទើបនាងសម្រេចចិត្តមកលោតសម្លាប់ខ្លួនបែបនេះ។ យ៉ាងណាមិញ គ្រាន់តែជាសង្ស័យប៉ុណ្ណោះ មូលហេតុអ្វីនោះ គឺត្រូវរងចាំឲ្យនារីរងគ្រោះខាងលើដឹងខ្លួនសិន។

ក្រោយពេលកើតហេតុ សមត្ថកិច្ច បានទាក់ទងរថយន្តសង្គ្រោះរបស់មន្ទីពេទ្យកាល់ម៉ែ្រត ដឹកនារីមានវិបត្តិរូបនោះទៅសង្គ្រោះបន្ត៕

មតិយោបល់