បន្ទាយមានជ័យៈ ករណីឃាតកម្មគិតទុកជាមុន នៅចំណុចព្រៃអាព្រហ្ម ក្នុងដីក្រុមហ៊ុនជាតិអភិវឌ្ឍ ស្ថិតក្នុងភូមិថ្មរមៀល ឃុំបន្ទាយឆ្មាស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ ចន្លោះពីម៉ោង១០-១២ថ្ងៃត្រង់ បង្កឡើងដោយជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ បានសម្លាប់បុរសម្នាក់។
ជនរងគ្រោះឈ្មោះ ហាន សុថុន ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិអពិលចាស់ ឃុំបន្ទាយអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តមានជ័យ មុខរបបបើករោងម៉ាស៊ីនកិនស្រូវ និងបើកឡានយកស្រូវ តាមផ្ទះទៅកិន កាន់ទូរស័ព្ទលេខ ០៩៧៤៥៥០២០៧។
ករណីខាងលើនេះ កម្លាំងជំនាញខេត្ត និងកម្លាំងអធិការដ្ឋាននគរបាលស្រុក បានធ្វើការស្រាវជ្រាវ។ លុះរហូតដល់ថ្ងៃទី២៦ ខែឆ្នាំដដែល ទើបកម្លាំងឈានដល់កំណត់មុខសញ្ញា និងនាំខ្លួនជនសង្ស័យចំនួន០២នាក់៖ ០១-ឈ្មោះស៊ួត សុភាក់ ហៅភ័ក្រ្ត ភេទប្រុស អាយុ៣៤ឆ្នាំ និង០២-ឈ្មោះស៊ួត សុផាត ភេទប្រុសអាយុ៣៧ឆ្នាំ ជាបងប្អូនបង្កើត រស់នៅភូមិធ្លក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួកជាមួយគ្នា ដើម្បីធ្វើការសាកសួរ។
តាមចម្លើយសារភាពជនសង្ស័យទាំងពីរនាក់ បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើឃាតកម្មគិតទុកជាមុន ដោយប្រើកាំបិតប៉័ងតោ កាប់ទៅលើជនរងគ្រោះចំនួនពីរកាំបិត ត្រូវចំក និងត្រូវចំដៃ បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងបានយកកង់មុខគោយន្តកន្ត្រៃចំនួន០៤ និងកង់មុខត្រាក់ទ័រចំនួន០១ ដុតសពជនរងគ្រោះ ដើម្បីបំបាត់ភស្តុតាង។
ពាក់ព័ន្ធនឹងករណីនេះ សមត្ថកិច្ចកំពុងធ្វើការសាកសួរ រៀបចំសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់