ព័ត៌មានជាតិ

បុរសម្នាក់ដកកាំភ្លើងខ្លី បាញ់២គ្រាប់ គំរាមបុរសម្នាក់ទៀត បណ្ដាលឲ្យរងរបួស ក្នុងក្លឹមផាតធី នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ: បុរសបីនាក់ចូលទៅផឹកស៊ី ក្នុងក្លឹបផាតធីស្រវឹងស្រាជោគជាំ ខណ:ចេញមកវិញ ស្រាប់តែមានបុរសម្នាក់ទៀតជាភ្ញៀវ បានចូលទៅសួរពួកគេ ដោយស្មានថាជាបុគ្គិលក្នុងក្លឹបថា មានកន្លែងផឹកអត់? ធ្វើបុរសម្នាក់ក្នុងចំណោមបីនាក់ ស្ទុះទៅទះកំផ្លៀងជនរងគ្រោះ ក៏កើតជាហិង្សាតបតគ្នា នៅពេលនោះជនសង្ស័យខឹង បានដកកាំភ្លើងខ្លីបាញ់ភ្ជង់ដីមួយគ្រាប់ ឃើញដូចច្នោះជនរងគ្រោះ ភ័យក៏រត់ចេញមកខាងក្រៅ ត្រូវជនសង្ស័យដេញបាញ់ មួយគ្រាប់ទៀត បណ្ដាលឲ្យត្រូវដៃខ្លួនឯងមួយគ្រាប់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ។

ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង ២និង៣០នាទីយប់ថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ២០០៤ ត្រង់ចំណុចក្នុងក្លឹបផាតធី ក្នុងភូមិតានួនសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពពីជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ រូបគេបានចូលទៅក្នុងក្លឹប រួចហើយបានចេញមកខាងក្រៅវិញ អង្គុយលើម៉ូតូស្រាប់តែជនសង្ស័យបីនាក់ មានសភាពស្រវឹង បានទៅទះកំផ្លៀងខ្លួនមួយដៃ ហើយជនរងគ្រោះ បាននិយាយថា ខ្ញុំជាភ្ញៀវទេហើយជនសង្ស័យ បានតបវិញថា ភ្ញៀវអញវ៉ៃមិនបានអី? ហើយជនរងគ្រោះ ក៏បានច្រានជនសង្ស័យចេញ ធ្វើឲ្យបុរសម្នាក់ខឹង ដកកាំភ្លើងខ្លីបាញ់មួយគ្រាប់ ឃើញដូចច្នោះជនរងគ្រោះភ័យ ក៏រត់ចេញមកខាងក្រៅ ដើម្បីគេចពីគ្រាប់កាំភ្លើង ត្រូវជនសង្ស័យបាញ់មួយគ្រាប់ទៀត បណ្ដាលឲ្យត្រូវដៃខ្លួនឯង។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះដល់កន្លែងកើតហេតុ ឃាត់ខ្លួនជនបង្ក និងបក្ខពួកព្រមទាំងជនរងគ្រោះ មកប៉ុស្តិ៍ដើម្បីសាកសួរ និងធ្វើកំណត់ហេតុ កសាងសំណុំរឿងបញ្ជូនខ្លួនជនបង្ក ទៅតុលាការចាត់តាមផ្លូវច្បាប់៕

មតិយោបល់