ព័ត៌មានជាតិ

សាហាវណាស់! រថយន្តឡង់គ្រីស័រដេញបុក បុរសជិះម៉ូតូម្នាក់ ភ័យស្លន់ស្លោជ្រុលទៅបុកសួនចែកផ្លូវ បោកក្បាលនិងបង្គោលភ្លើងស្លាប់មួយរំពេច

ភ្នំពេញ: បុរសម្នាក់បោកក្បាលបែកខួរស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ជិះម៉ូតូមួយគ្រឿង ក្នុងល្បឿនគេចពីរថយន្តឡង់គ្រីស័រមួយគ្រឿង ដេញបំបុកធ្វើឲ្យភ័យស្លន់ស្លោ ជ្រុលទៅបុកសួនចែកផ្លូវ បណ្ដាលឲ្យបោកក្បាលនិងបង្គោលភ្លើង។

ហេតុការណ៍ដ៏រន្ធត់នេះ កើតឡើងនៅវេលាម៉ោង១ និង២០នាទីយប់រំលង អធ្រាត្រឈានចូលថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦A ត្រង់ចំណុចមុខសាលាបឋមសិក្សាព្រែកលៀប ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។

ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។ តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ បុរសម្នាក់ជិះម៉ូតូ FTR ពណ៌ខ្មៅ ពាក់ស្លាកលេខ.1CP 2986 ធ្វើពីលិចទៅកើត។ មកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តឡង់គ្រីស័រ ពណ៌ខ្មៅមួយគ្រឿង មិនចាំស្លាកលេខបើកមកពីក្រោយ ក្នុងល្បឿនលឿន ដេញបុកធ្វើឲ្យបុរសម្នាក់នោះ ភ័យស្លន់ស្លោជិះទៅបុកសួនច្បារចែកផ្លូវពេញទំហឹង បណ្ដាលឲ្យបោកក្បាល និងបង្គោលភ្លើងបែកក្បាលធ្លាយខួរស្លាប់ ក្នុងថ្លុកឈាម ចំណែករថយន្តបង្កបើកគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទាក់ទងជំនាញមកវាស់វែង យកម៉ូតូជនរងគ្រោះទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក រងចាំសាច់ញាតិយកឯកសារមកផ្ទៀងផ្ទាត់ និងប្រគល់ឲ្យទៅវិញ។

ដោយឡែកសពរងគ្រោះ សមត្ថកិច្ចធ្វើកំណត់ហេតុ រួចបានទាក់ទងទៅក្រុមគ្រួសារមកទទួលសពយក ទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់