ព័ត៌មានជាតិ

ចិន​ទៀតហើយ! បើករថយន្ត​ឆ្លងផ្លូវ បុកជាមួយម៉ូតូ ​​របួសធ្ងន់​២​នាក់

ភ្នំពេញ: ជនជាតិ​ចិន​ម្នាក់ បានបើករថយន្ត​ឆ្លងផ្លូវ​ មិន​ប្រយ័ត្ន​ត្រូវ​ម៉ូតូ​មួយ​គ្រឿង​បើក​លឿន​បុករង​របួសធ្ងន់​២​នាក់ ​កាលពី​វេលា​ម៉ោង ៣ និង​២៥​នាទី​ទៀប​ភ្លឺ ឈានចូលថ្ងៃ​ទី​២៨ ខែកុម្ភ: ឆ្នាំ​២០១៩ នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ស្ថិត​នៅ​ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ។

រថយន្ត​បង្ក​ម៉ាក RANGE ROVER ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2V-1123 បើក​ឆ្លងផ្លូវធ្វើដំណើរពីជើង​ទៅ​ត្បូង បើកបរ​ដោយ​ជនជាតិ​ចិន​។ ចំណែក​ម៉ូតូ​រង​គ្រោះ​ម៉ាក ស្គូ​ពី ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1AE -6588 ជិះ​គ្នា​២​នាក់​ ធ្វើដំណើរពី​កើត​ទៅ​លិច​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាននិយាយ​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ ​រថយន្ត​ជនជាតិ​ចិន​ខាងលើ បាន​ចត​តាម​បណ្តោយ​ផ្លូវសហព័ន្ធ​រុ​ស្ស៊ី ហើយ​បន្ទាប់​មក​ក៏​បានរ​យ៉ែ​ចេញ​ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ខណ:​​នោះដែល​ស្រាប់ តែមាន​ម៉ូតូ​ជន​រង​គ្រោះ ​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​ទិស​ដៅ​ពី​កើត​ទៅ​លិច ​ជាន់​ហ្វ្រាំង​មិន​ជាប់​ បាន​បុក​រថយន្ត​ពេញទំហឹង​ បណ្ដាល​ឱ្យ​ជន​រង​គ្រោះ ​រង​របួសធ្ងន់​ទាំង​២​នាក់ ចំណែកឯ​ម៉ូតូរង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​ផង​ដែរ​។

ក្រោយកើតហេតុ​ជន​រង​គ្រោះ ត្រូវ​បាន​រថយន្ត​សា​មុ​យ​​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ​ ហើយ​ជំនាញ​ចរាចរ​រាជធានី​ភ្នំពេញ បាន​ធ្វើការ​វាស់វែង និង​យក​រថយន្ត​ព្រមទាំង​ម៉ូតូ​ជន​រង​គ្រោះ​ ទៅ​រក្សា​ទុក​ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​​៕

មតិយោបល់