ភ្នំពេញៈ សង្ស័យតៃកុងងោកមួយភាំង រថយន្តធុនធំម៉ាកហ៊ីយ៉ាន់ដាយ បានបើកជ្រុលទៅបុករថយន្តបែនពីក្រោយពេញទំហឹង រុលទៅផ្ទប់ផ្ទាំងប៉ាណូមួយផ្ទាំងដួលរាបដល់ដី ដោយរថយន្តហ៊ីយ៉ាន់ដាយ ខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង ៨និង៤០នាទីព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩ ចំក្បែរស្ថានីយ៍ប្រេងឥន្ធនៈតេលាមួយកន្លែង តាមបណ្តោយផ្លូវជាលេខ៥ភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
រថយន្តធុនធំម៉ាកហ៊ីយ៉ាន់ដាយ ក្បាលរថយន្តពណ៌សលាយផ្ទៃមេឃ ពាក់ស្លាកលេខព្រះសីហនុ 3A-3578 បើកដោយបុរសម្នាក់។ ចំណែករថយន្តបែនវិញ ពណ៌ផ្ទៃមេឃលាយស និងស្លាទុំ ពាក់ស្លាកលេខកំពង់ស្ពឺ 3A-0150 ចតអែបខាង ដើម្បីមួលបញ្ចូលកង់រថយន្ត ខណៈកំពុងប៉ះកង់រថយន្តរួច។
តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តបែនបានឈប់ប៉ះកង់ រួចកំពុងមួលបញ្ចូលកង់រថយន្ត ស្រាប់តែរថយន្តហ៊ីយ៉ាន់ដាយ បើកដោយបុរសម្នាក់ ធ្វើដំណើរពីជើងទៅត្បូង បានជ្រុលបុករថយន្តបែន ដែលកំពុងឈប់ស្ងៀមពីក្រោយពេញទំហឹង បណ្តាលឲ្យរថយន្តបែនខ្ទាតរុលទៅមុខ បុកផ្ទាំងប៉ាណូស្ថានីយ៍ប្រេងឥន្ធនៈតេលា ដួលរាបដល់ដីមួយផ្ទាំង ចំណែករថយន្តហ៊ីយ៉ាន់ដាយ បានខ្ទេចកំណាត់មុខយ៉ាងដំណំ និងរថយន្តបែនខូចខាតកញ្ចក់មុខផ្នែកខាងស្តាំ។
មូលហេតុ៖ បណ្តាលមកពីតៃកុងរថយន្ត ហ៊ីយ៉ាន់ដាយ ខាងលើងោកមួយភាំង។
ក្រោយពេលកើតហេតុ ភាគីតំណាងរថយន្ត ហ៊ីយ៉ាន់ដាយ បានសម្របសម្រួលជាមួយភាគីរថយន្តបែន និងម្ចាស់ផ្ទាំងប៉ាណូស្ថានីយ៍ប្រេងឥន្ធនៈខាងលើ ដោយភាគីខាងរថយន្តហ៊ីយ៉ាន់ដាយ ជួយចេញថ្លៃជួសជុល ការខូចខាតបញ្ចប់រឿង៕










មតិយោបល់