ព័ត៌មានជាតិ

បន្លំលួចកាត់ខ្សែក ម្ចាស់ដឹងខ្លួនមានអី…

ភ្នំពេញៈ ស្រ្តីជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពបន្លំលួចកាត់ខ្សែកមាស ពីស្រ្តីម្នាក់ កំពុងឈរទិញខោអាវ កាលពីវេលាម៉ោង១២ និង០០នាទី ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅកន្លែងលក់ខោអាវ ខាងក្រោយផ្សារជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

ស្រ្តីសង្ស័យឈ្មោះ ឈុំ បូង៉ា អាយុ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិប៉ប្រ៉កជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅឯកម្ពុជាក្រោម។ ចំណែកជនរងគ្រោះឈ្មោះ ស សុជាតិ ភេទស្រី អាយុ៣០ឆ្នាំ មុខរបរនៅផ្ទះ ភូមិត្រពាំងពោធិ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត បូរីរម្យ ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

ដោយឡែកវត្ថុតាងខ្សែក ដែលជនសង្ស័យកាត់យក តែមិនបានសម្រេច ត្រូវបានប្រគល់ជូនម្ចាស់ដើមវិញ ។

តាមសម្តីជនរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ គាត់បានពកូនទៅរកទិញខោអាវ ខណៈកំពុងឈររើសខោអាវ ជនសង្ស័យដើរទៅរើសខោអាវដែរ តែទិញមិនទាន់បានផង កូនបានលូកដៃចូលក្នុងកអាវ ហើយចាប់កដៃកូនចេញ ទើបដឹងថាបាត់ខ្សែកក៏ឆោឡោ ព្រោះកន្លែងលក់នោះ ឈរមានគ្នាតែ២នាក់ទេ គឺជនសង្ស័យ និងជនរងគ្រោះ។ ដោយសង្ស័យក៏ចាប់ឃាត់សួរភ្លាមៗ រកឃើញខ្សែក ដែលជនសង្ស័យកាត់បាន ហើយលាក់នៅអាវទ្រនាប់ ពីខាងក្រោយខ្នង ទើបឃាត់ខ្លួនប្រគល់ឲ្យប៉ូលិស ។

តាមសម្តីជនសង្ស័យនៅប៉ុស្តិ៍ប៉ូលិសបានសារភាពថា ខ្លួនពិតជាធ្វើសកម្មភាពកាត់ខ្សែក របស់ជនរងគ្រោះពិតប្រាកដមែន ។

ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅប៉ុស្តិ៍ចោមចៅ៣ ដើម្បីសាកសួរនិងកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌអនុវត្តបនតតាមនីតិវិធី៕

មតិយោបល់