Reuters) - កាលពីថ្ងៃច័ន្ទ មូលដ្ឋានទ័ពអាកាស Bagram ដែលជាមូលដ្ឋានធំនៃកងទ័ពអាមេរិកនៅអាហ្វហ្គានីស្ថានអស់រយៈពេល ២០ ឆ្នាំ រហូតដល់ពួកគេបានដកចេញកាលពីសប្តាហ៍មុន បានធ្វើឲ្យសភាពអ៊ូអរជាថ្មីម្តងទៀតដោយកងទ័ពអាហ្វហ្គានីស្ថានបានចូលមកកាន់កាប់នៅក្នុងបរិវេណដ៏ធំល្វឹងល្វើយដែលមានផ្លូវយន្តហោះ បន្ទាយ ប៉មយាម និងមន្ទីរពេទ្យ។
កងទ័ពអាមេរិកបានប្រគល់មូលដ្ឋានទ័ពទៅឲ្យកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានដើម្បីជាការបញ្ចប់ពេញលេញនូវសង្គ្រាមដ៏យូរអង្វែងបំផុតនៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក បន្ទាប់ពីមានកិច្ចព្រមព្រៀងជាមួយក្រុមបះបោរឥស្លាមតាលីបង់កាលពីឆ្នាំមុន។
មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់អាហ្វហ្គានីស្ថាន បានប្រាប់រ៉យទ័រថា “ពួកគេ (កងទ័ពសហរដ្ឋអាមេរិក) បានចាកចេញអស់ហើយ និងអ្វីៗស្ថិតនៅក្រោមការគ្រប់គ្រងរបស់យើងរាប់បញ្ចូលទាំងប៉មយាម ចរាចរណ៍ផ្លូវអាកាស និងមន្ទីរពេទ្យផងដែរ” ។
កាលពីថ្ងៃច័ន្ទ អ្នកកាសែតរ៉យទ័របានទៅទស្សនាមូលដ្ឋានដែលមានកំពែងរឹងមាំដែលជានិមិត្តរូបដ៏យូរនៃកងកម្លាំងលោកខាងលិចដែលបានពង្រាយដើម្បីគាំទ្ររដ្ឋាភិបាលអាហ្វហ្គានីស្ថានទប់ទល់នឹងការវាយប្រហាររបស់តាលីបង់ដើម្បីដណ្តើមអំណាចមកវិញបន្ទាប់ពីត្រូវបានផ្តួលរំលំដោយអន្តរាគមន៍របស់សហរដ្ឋអាមេរិកក្នុងឆ្នាំ ២០០១ ។
យានយន្តរាប់សិបគ្រឿងដែលត្រូវបានទុកចោលដោយសហរដ្ឋអាមេរិកបានចតនៅលើទីធ្លា ខណៈដែលយានយន្តផ្សេងទៀតបើកបរដោយមន្ត្រីអាហ្វហ្គានីស្ថាននិងបុគ្គលិកដែលកំពុងពិនិត្យស្ថានភាពដែល អាចធ្វើប្រតិបត្តិការទៅបានជាមួយនឹងទំហំមូលដ្ឋានដ៏ធំនេះ។
ប្រព័ន្ធរ៉ាដាបានធ្វើចលនារ៉េទៅមក ខណៈដែលទាហានឈរយាម ហើយបុគ្គលិកសន្តិសុខអាហ្វហ្គានីស្ថានរាប់រយនាក់បានចូលទៅក្នុងបន្ទាយទាហានដែលធ្លាប់ជាបន្ទាយរបស់ទាហានសហរដ្ឋអាមេរិក ៕
មតិយោបល់