ព័ត៌មានជាតិ

Update៖ ម្ដាយទ្រហោយំឱបសពកូន! រថយន្តស៊ីទែនដឹកស៊ីម៉ង់ត៍ K- Cment ផ្ដាច់ជីវិតស្ត្រីម្នាក់ លក់ផលិតផលតាមអនឡាញ

ភ្នំពេញ: ស្រ្តីម្នាក់ស្លាប់ភ្លាមៗនៅកន្លែង បន្ទាប់ពីជិះម៉ូតូទាក់ដៃចង្កូតគ្នា ជាមួយម៉ូតូផ្សេងដួលខ្ទាតចូលកង់រថយន្តស៊ីទែន ដឹកស៊ីម៉ង់ត៍កិនខ្ទេចក្បាលធ្លាយខួរ កាលពីវេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

ស្រ្តីរងគ្រោះមានឈ្មោះ សេង សុខសានូ អាយុ៣០ឆ្នាំ មុខរបរ លក់ឡេ ផលិតផល តាមអនឡាញ មានទីលំនៅ ផ្ទះលេខ៦០អ៊ឺ០ ផ្លូវ១១៨ ភូមិ៩ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ។

ជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក PCX ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1GJ-5787 ។ ចំណែករថយន្ត ប្រភេទសណ្តោង ស៊ីទែនដឹកស៊ីម៉ង់ត៍ ម៉ាកហ៊ីណូ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A- 9421 ជារថយន្តរបស់ក្រុមហ៊ុន K- Cment អ្នកបើកបរឈ្មោះ សំ ប៊ុនថន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅ ភូមិព្រៃគគី ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត ។

តាមប្រភពពីពលរដ្ឋឃើញហេតុការណ៍ បានឲ្យដឹងថា មុនកើតហេតុ ស្រ្តីរងគ្រោះជិះម៉ូតូពីជើងទៅត្បូង មកដល់ចំណុចកើតហេតុ បានទាក់ដៃចង្កូតជាមួយម៉ូតូ មួយគ្រឿងមិនចាំម៉ាក បើកបរលើផ្លូវបញ្ច្រាសទិសដៅចរាចរណ៍ បណ្តាលឲ្យដួល ខ្ទាតចូលកង់រថយន្តខាងក្រោយ ដែលកំពុងបើកពីជើងទៅត្បូង កិនស្លាប់បែកក្បាលធ្លាយខួរ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ អ្នកបើកបរត្រូវបានពលរដ្ឋឃាត់បានភ្លាមៗ ប្រគល់ឲ្យសមត្ថកិច្ច ។

តាមប្រភពផ្សេងមួយទៀតបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូដឹកផលិតផល ឡេផលិតផល ឲ្យអតិថិជន ជិះដល់ចំណុចកើតហេតុ ជួបគ្រោះថ្នាក់ចរាចរណ៍ រហូតបាត់បង់ជីវិត ។

ក្រោយកើតហេតុ សពជនរងគ្រោះត្រូវបាន សមត្ថកិច្ចទំនាក់ទំនងទៅក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តនិងម៉ូតូ រួមទាំងអ្នកបើកបរផង ត្រូវប្រគល់ឲ្យការិយាល័យ ចរាចរណ៍ជើងគោកក្រុងភ្នំពេញ កសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់