ភ្នំពេញៈ យោងតាមផេករបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីក្រសួងមហាផ្ទៃសម្រេចផ្ទេរភារកិច្ចមន្ត្រី២នាក់ ក្នុងចំណោម៤នាក់ ឲ្យចេញទៅបម្រើការងារនៅអង្គភាពផ្សេង ។
ការចេញសេចក្តីប្រកាសព័ត៌មាននេះ បានធ្វើឡើងនៅថ្ងៃទី ១ ខែមីនា ឆ្នាំ២០១៩ ដោយមានការចុះផ្សាយជាបន្តបន្ទាប់តាមប្រព័ន្ធព័ត៌មាន និងបណ្តាញសង្គម អំពីភាពមិនប្រក្រតី ពាក់ព័ន្ធនិងការចាត់តាំងក្រុមគ្រួសារសាច់ញាតិ នាយឧត្តមសេនីយ៍ ធឹម សុផា ឲ្យបម្រើការងារនៅអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រួងមហាផ្ទៃ អ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមធ្វើការបញ្ជាក់ជូនសាធារណជនជ្រាបថា ក្រសួងមហាផ្ទៃបានចាត់ឲ្យធ្វើការត្រួតពិនិត្យករណីនេះយ៉ាងល្អិតល្អន់ និងបានរកឃើញថា ៖
ក្នុងចំណោមមន្ត្រីនគរបាលចំនួន១១នាក់ ដែលត្រូវបានចោទប្រកាន់ខាងលើ មាន ៦នាក់ជាប់ជាសាច់ញាតិ នាយឧត្តមសេនីយ៍ ធឹម សុផា ក្នុងនោះមាន៤នាក់ បម្រើការនៅក្នុងអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ។ ផ្អែកលើលទ្ធផលនៃការត្រួតពិនិត្យនេះ ក្រសួងមហាផ្ទៃ សម្រេចផ្ទេរភារកិច្ចមន្ត្រី២នាក់ ក្នុងចំណោម៤នាក់ ឲ្យចេញទៅបម្រើការងារនៅអង្គភាពផ្សេង ។ ដោយឡែកចំពោះសាច់ញាតិជាមន្ត្រីនគរបាលជាតិ២នាក់ ដែលបន្តបម្រើការងារនៅអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ត្រូវអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនស្របតាមបទបញ្ញត្តិ ឬ លក្ខន្តិកៈជាធរមាន៕

មតិយោបល់