ព័ត៌មានជាតិ

ថៃបន្តចុះចាប់ទំនិញអាជីវករខ្មែរ ដែលបានដាក់ផ្ញើនៅប្រៃសណីយ៍

ប្រទេសថៃៈ កាលពីវេលាម៉ោងប្រមាណ២រសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៦ កម្លាំង DSI ថៃ បានសហការជាមួយគយបន្តចុះចាប់ទំនិញរបស់អាជីវករខ្មែរ ដែលគេហៅថា ទំនិញល្មើសច្បាប់កម្មសិទ្ធិបញ្ញាយ៉ាងច្រើននៅចំណុចផ្សារឥណ្ឌូចិនមាត់ទ្វារទី២ ដែលមានចម្ងាយពីផ្សាររ៉ុងក្លឿជិត១គីឡូម៉ែត្រ ខណៈដែលក្រុមអាជីវករខ្មែរយកទំនិញទៅផ្ញើតាមប្រៃសណីយ៍បញ្ជូនទៅឲ្យម៉ោយរបស់ខ្លួន ដែលកំពុងតែលក់ដូរនៅតាមបណ្ដាខេត្តនាៗទូទាំងប្រទេសថៃនោះ។

ក្នុងប្រតិបត្តិការចុះចាប់ទំនិញខាងលើនេះ ធ្វើឡើងស្របគ្នា នឹងពិធីសម្ពោធទីស្នាក់ការដាក់ឲ្យដំណើរការ (សមាគម អាជីវករ កម្មករបណ្ដាញសម្ព័ន្ធកម្ពុជា-ថៃ) ខាងភាគីកម្ពុជា គេសង្កេតឃើញមានវត្តមានលោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត រួមទាំងមេបញ្ជាការនគរបាលវរការពារព្រំដែន ចៅសង្កាត់ទាំង៣ តំណាងនគបាលអន្តោប្រវេសន៍ តំណាងទំនាក់ទំនងព្រំដែន ហើយនិងតំណាងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ដោយឡែកខាងភាគីថៃ គេមិនបានដឹងនោះទេ។

ពាក់ព័ន្ធនឹងហេតុការណ៍នេះដែរ ត្រូវគេមើលឃើញថា ការបង្កើត សមាគមខាងលើហាក់បីដូចជា មានអាថ៌កំបាំងអ្វីមួយនៅពីក្រោយ ហើយការបង្កើតសមាគមខាងលើនេះដែរ បើតាមប្រភពព័ត៌មាន ដែលអ្នកសារព័ត៌មានយើងទទួលបានពីបងប្អូនអាជីវករខ្មែរ លក់ដូរនៅផ្សាររ៉ុងក្លឿ បើទោះបីមួយចំនួនតូចបានមកចូលរួមស្ដាប់ក៏ដោយ ប៉ុន្តែអាជីវករភាគច្រើនលើសលប់ ពួកគាត់មិនពេញចិត្ត ក៏ដូចជាមិនព្រមសហការជាមួយ និងការបង្កើតសមាគមខាងលើនោះឡើយដោយពួកគាត់អះអាងថា ការបង្កើតសមាគមមួយនេះ មិនអាចការពារផលប្រយោជន៍របស់ពួកគាត់បានឡើយ។

ពួកគាត់បន្តថា ជាច្រើនឆ្នាំមកហើយ ពួកគាត់តែងតែទទួលរងនូវការ រំលោភបំពានធ្វើទុក្ខបុកម្នេញពីអាជ្ញាធរមានសមត្ថកិច្ចថៃ នាំគ្នាចុះចាប់ទំនិញរបស់ពួកគាត់ម្នាក់ៗ និយាយលែងចេញ រលាយហិនហោចទ្រព្យសម្បត្តិពីខ្លួន មិនឃើញមានអាជ្ញាធរខ្មែរណា ចេញមុខមកជួយរំលែកទុក្ខពួកគាត់នោះឡើយ។

ប្រភពបន្តទៀតថា ជាក់ស្ដែងកាលពីពេលថ្មីៗកន្លងទៅមានកម្លាំង DSIថៃ សហការជាមួយគយបានបើកប្រតិបត្តិការទ្រង់ទ្រាយធំមួយចុះចាប់ទំនិញអាជីវករខ្មែរលក់ដូរនៅផ្សាររ៉ុងក្លឿជាច្រើនរថយន្ត បណ្ដាលឲ្យផ្ទុះអំពើហិង្សារវាងសមត្ថកិច្ចថៃជាមួយនិងអាជីវករ កម្មករខ្មែរ និងបានចាប់ខ្លួនអាជីវករខ្មែរចំនួន៣នាក់បញ្ជូនទៅតុលាការ ដោយចោទពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ បើទោះបីមានការអន្តរាគមន៍ពីប្រមុខរដ្ឋាភិបាលទាំង២យ៉ាងណាក៏ដោយ ប៉ុន្តែចុងបញ្ចប់បានត្រឹមតែជាប់គុក៣ខែ និងពិន័យជាប្រាក់រាប់សែនបាត ដើម្បីបាននៅក្រៅឃុំ ចុះទម្រាំសមាគមដ៏តូចមួយនេះ តើមានសមត្ថភាពជួយពួកគាត់បានទេ? មិនត្រឹមតែប៉ុណ្ណោះ កាលពីវេលាម៉ោង ប្រហែល០២រសៀលថ្ងៃទី០៨ ខែកក្កដា ម្សិលមិញនេះកម្លាំងសមត្ថកិច្ចDSIថៃសហការជាមួយគយបានបើកប្រតិបត្តិការបន្តចុះចាប់ទំនិញរបស់អាជីវករខ្មែរជាច្រើន ដែលពួកគេហៅថា ជាទំនិញល្មើសកម្មសិទ្ធិបញ្ញានោះ នៅក្នុងប្រៃសណីយ៍ ត្រង់ចំណុចផ្សារឥណ្ឌូចិន ខណៈដែលអាជីវករខ្មែរ បានដាក់ផ្ញើរទៅឲ្យម៉ោយរបស់ខ្លួន ដែលកំពុងលក់ដូរនៅតាមបណ្ដាខេត្តនាៗទូទាំងប្រទេសថៃ។

នៅក្នុងថ្ងៃតែ១ពិធីសម្ភោធដាក់ឲ្យដំណើរការសមាគមអាជីវករ-ពលករ បណ្ដាញសម្ព័ន្ធកម្ពុជា-ថៃ ដែលមានគោលបំណងជួយដល់អាជីវករ ពលករខ្មែរ សួរថា តើអាចទៅរួចទេ? បើថៃជាប្រទេស ដែលគោរពច្បាប់គ្មានទេ វប្បធម៌ អន្តរាគមន៍ គ្មានទេ វប្បធម៌ និទណ្ឌភាពនោះ៕

មតិយោបល់