ព័ត៌មានជាតិ

សិស្សសាលាម្នាក់ ជិះម៉ូតូបុកកង់ បណ្ដាលឲ្យស្រ្តីដាំបាយឲ្យអ្នកជំងឺម្នាក់ ស្លាប់ភ្លាមៗ និង ២នាក់ទៀត​របួសធ្ងន់

ព្រៃវែងៈ នៅវេលាម៉ោង៧ និង៤០នាទីព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៨ ត្រង់ចំណុចមុខមន្ទីរពេទ្យបង្អែកស្រុកកំចាយមារ ក្នុងភូមិជោទី២ ឃុំគ្រញ៉ូង ស្រុកកំចាយមារ ខេត្តព្រៃវែង មានករណីគ្រោះថ្នាក់ ចរាចរណ៍ ស្ត្រីម្នាក់ ត្រូវម៉ូតូសិស្សសាលា ជិះបុកពីក្រោយពេញទំហឹង បណ្ដាលឲ្យស្លាប់មួយរំពេច ខណៈក្មេងតូចម្នាក់ទៀតរងរបួសធ្ងន់។

ជនរងគ្រោះឈ្មោះ មីង ហាន អាយុប្រហែល៥៨ឆ្នាំ រស់នៅឃុំភូមិ ឃុំខាងលើ ហើយជនបង្កជាសិស្សសាលា រស់នៅភូមិ ឃុំខាងលើ។

ដំណើររឿង៖ នៅមុនពេលកើតហេតុ គេឃើញស្រ្តីរងគ្រោះ ជិះកង់ ធ្វើដំណើរពីកើតទៅលិច មកចំណុចកើតហេតុ បានបត់ចូលមន្ទីរពេទ្យបង្អែក ស្រុកកំចាយមារ ស្រាប់តែមានម៉ូតូមួយគ្រឿង ជិះមកក្រោយបុកតែម្តង បណ្តាលជនរងគ្រោះស្លាប់ភ្លាមៗ និងក្មេងម្នាក់រងរបួសធ្ងន់ ខណៈជនបង្កករងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គោះបន្ទាន់នៅមន្ទីរពេទ្យឯភ្នំពេញ។

ក្រោយកើតហេតុ សមត្ថកិច្ច ចុះវាសវែង និងយកវត្ថុតាងទៅរក្សា នៅអធិការនគរបាលស្រុក រង់ចាំដោះស្រាយពេលក្រោយ ចំណែកសព ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់