ភ្នំពេញៈ បេក្ខនារី ឡាត់ ម៉ាលីស បានជាប់ជាជ័យលាភីលេខ១ ក្នុងកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» តាមរយៈវិញ្ជាសាជាខ្សែវីដេអូ ដែលមានចំណងជើងថា «កម្លាំងយុវជន» បន្ទាប់ពីទទួលបានការបោះឆ្នោតគាំទ្រច្រើនជាងគេ ក្នុងវគ្គជម្រុះ Top-10។ កញ្ញា ឡាត់ ម៉ាលីស នឹងទទួលបានប័ណ្ណសរសើរ និងរង្វាន់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នៃព្រឹកថ្ងៃទី១០ ខែកក្កដាស្អែកនេះ។
បើតាមទំព័រហ្វេសបុករបស់សម្ដេចតេជោ ហ៊ុន សែន ចេញផ្សាយនៅព្រឹកនេះថា “នៅព្រឹកថ្ងៃអាទិត្យ ទី ១០ កក្កដា ស្អែកនេះ កម្មវិធី “ខ្ញុំជាយុវជនគំរូកម្ពុជា” លើទី ៥ – (5th-I Am a Role Model) នឹងប្រគល់រង្វាន់ និងប័ណ្ណសរសើរដល់បេក្ខជនបេក្ខនារីជ័យលាភីទាំង១០រូប ។ ជ័យលាភីលេខ១ (Top-1) គឺបានទៅលើ បេក្ខនារី ឡាត់ ម៉ាលីស”។
វីដេអូដែលមានរយៈពេលជាង៨នាទី របស់បេក្ខនារី ឡាត់ ម៉ាលីស ទទួលបានសំឡេងគាំទ្រចំនួន១៣,៧២៨Likes ក្នុងការប្រកួតប្រជែងក្នុងកម្មវិធី “ខ្ញុំជាយុវជនគំរូកម្ពុជា” លើកទី៥ លើ Facebook សម្តេចតេជោ ហ៊ុន សែន។
កម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងគាំទ្រ លើកទឹកចិត្តដល់ពលរដ្ឋ ជាពិសេសយុវជនយុវនារីគ្រប់រូបចូលរួមកសាងអំពើល្អក្នុងសង្គម ចៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ។
កម្មវិធិនេះ នឹងប្រព្រឹត្តិទៅ នៅម៉ោង៨៖៣០នាទី ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងវិមានសន្តិភាព រាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពីឪពុកម្តាយ អាណាព្យាបាល និងមិត្តភក្តិផងដែរ។
ជាមួយគ្នានេះ សម្ដេចក៏បានប្រកាសផងដែរ សម្រាប់ការប្រកួតប្រជែងវគ្គទី ៦ រង្វាន់ធំ គឺម៉ូតូមួយគ្រឿង ដែលនឹងត្រូវប្រគល់ផ្ទាល់ដោយសម្តេចតេជោ ហើយលក្ខ័ណ្ឌនៃការប្រកួត នឹងជម្រាបជូនក្នុងពេលឆាប់ៗនេះ៕
មតិយោបល់