ព័ត៌មានជាតិ

មន្ត្រីយោធាម្នាក់ ត្រូវរថយន្ត បើកកៀររបួសធ្ងន់

ភ្នំពេញ: មន្រ្តីយោធាម្នាក់រងរបួសធ្ងន់ បាក់ជើងឆ្វេងនិងបែកក្បាល បន្ទាប់ពីត្រូវរថយន្តហ៊ីណូបែនកង់៦ បើកកៀរម៉ូតូដួលបោក កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវបេតុង ខាងលិចភ្លើងស្តុបផ្លូវវេងស្រេង កែងផ្លូវទួលពង្រ ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះ ជាមន្រ្តីយោធា ឈ្មោះ ហង្ស សារុន ភេទប្រុស អាយុ ៥៧ឆ្នាំ មានឋានន្តរសក្តិ ជាវរសេនីយ៍ឯក បម្រើការងារ អគ្គបញ្ជាការកងទ័ពជើងគោក មានទីលំនៅ ភូមិដុតកំបោរ ឃុំព្រះនិពាន្វ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ចំណែករថយន្តបង្ក ម៉ាកហ៊ីណូ បែនកង់៦ ពណ៌ខៀវ លាយស្លាទុំ ពាក់ស្លាកលេខ ចង្កូតស្តាំ PP-1331 អ្នកបើកបរចុះគេចខ្លួនបាត់ស្រមោល ទុកតែរថយន្តនៅកន្លែងកើតហេតុ ។

តាមប្រជាពលរដ្ឋ ឃើញហេតុការណ៍ បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ ជិះម៉ូតូម៉ាកស្កុបពី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1HE-7154 ធ្វើដំណើរពីជើងទៅត្បូង ដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្ក បើកស្របទិសមកពីក្រោយ កៀរដួលបោកផ្ទប់តែម្តង បណ្តាលឲ្យរងរបួសធ្ងន់ បាក់ជើងឆ្វេង បែកក្បាលសន្លប់ស្តូក។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកេតុមាលា ហៅ 1-79 ។ ចំណែករថយន្តបង្ក និងម៉ូតូសមត្ថកិច្ចជំនាញ ចុះពិនិត្យ វាស់វែងរួចយកទៅរក្សាទុក នៅអធិការខណ្ឌ រងចាំដោះស្រាយពេលក្រោយ៕

មតិយោបល់